(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ពិសេសអ្នកសារព័ត៌មានទាំងឡាយ សូមបញ្ឈប់ការបង្ហោះចែកចាយរូបភាព វីដេអូអំពើហិង្សា ឬអំពើឃាតកម្ម ទាំងនៅលើ Facebook និង TikTok ព្រោះបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងរងនូវភាពឈឺចាប់។

តាមរយៈ Facebook នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានអះអាងថា ក្រៅពីប៉ះពាល់ផ្លូវចិត្ត ផ្លូវអារម្មណ៍គ្រួសារជនរងគ្រោះហើយនោះ រូបភាព ឬវីដេអូទាំងនោះ ក៏បានប៉ះពាល់ផ្លូវចិត្ត និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋផ្សេងទៀតផងដែរ។

ការចេញមកអំពាវនាវបែបនេះរបស់លោករដ្ឋមន្ដ្រី នេត្រ ភក្ដ្រា ធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះ មានករណីឃាតកម្មកើតឡើងជាបន្ដបន្ទាប់ ហើយរូបភាពរបស់ជនរងគ្រោះក្នុងអំពើដ៏ឃោឃៅនេះ ត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្ដាញសង្គម។

លោក នេត្រ ភក្ដ្រា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត, សូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទ កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ»។

លោកថា «វាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសាររបស់ខ្លួន និងក៏បានប៉ះពាល់ដល់ផ្លូវចិត្តនិងសតិអារម្មណ៍ របស់បងប្អូនប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ។ ចំពោះបងប្អូនអ្នកសារព័ត៌មាន សូមគោរពគោលការណ៍នៃក្រមសីលធម៌ ដែលចែងក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន គឺ​ហាមបោះពុម្ពផ្សាយអត្ថបទ ឬរូបភាពអាសអាភាស និងរូបភាពនៃអំពើហិង្សា»។

ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះ និងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពដល់ជនរងគ្រោះផង។ នេះជាសំណូមពរបន្ថែមរបស់លោករដ្ឋមន្រ្តី៕