(ឧត្តរមានជ័យ)៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី និងជាប្រធានអនុគណៈកម្មការសាងសង់ស្ដូបឈ្នះឈ្នះអន្លង់វែង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ ក្នុងខេត្តឧត្តរមានជ័យ។

ទេសរដ្ឋមន្រ្តី គន់ គីម បានលើកឡើងថា ការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅលើចំណុចទីតាំងភ្នំ២០០ ក្នុងភូមិសាស្ត្រស្រុកអន្លង់វែងនេះ ដោយសារតែជាតំបន់ប្រវត្តិសាស្រ្តមួយដ៏ក្តៅគគុក កាលពីសម័យសង្រ្គាម ដែលបានបន្សល់ទុកនូវស្នាកស្នាម និងវត្ថុតាងផ្សេងៗពីសម័យរបបខ្មែរក្រហម។

លោកបានថ្លែងអំណរគុណសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាការសាងសង់វិមានឈ្នះឈ្នះ ដែលបានរៀបចំចាត់ចែង ទំនុកបម្រុងទាំងសម្ភារ និងថវិកាសម្រាប់ការសាងសង់ ដែលធ្វើឲ្យដំណើរការសាងសង់នេះ ប្រកបទៅដោយរលូន និងឆាប់រហ័ស។

ប្រធានអនុគណៈកម្មការសាងសង់ស្ដូបឈ្នះឈ្នះអន្លង់វែង បានកោតសសើរ និងវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ដែលរហូតមកដល់ថ្ងៃនេះ ការងារសាងសង់ស្តូបអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នៅក្នុងស្រុកអន្លងវែង សម្រេចបានលទ្ធផល៧៦% តាមផែនការគ្រោងទុក រួមជាមួយរចនាសម្ព័ន្ធរណបមួយចំនួនទៀតហើយបន្ថែមលើនេះ។ លោកណែនាំឲ្យក្រុមការងារបច្ចេកទេស ត្រូវគោរពតាមបទដ្ឋានការសាងសង់ឲ្យដូចទម្រង់ដើម និងត្រូវពន្លឿនការងារសាងសង់ឲ្យទាន់បានពេលវេលា។

លោកបានចាត់ទុកថា «ការសាងសង់ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅតំបន់នេះ គឺដើម្បីបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ពីជំហរដ៏រឹងមាំ និងបង្ហាញពីកក្តាសុខសន្តិភាព របស់ប្រទេសជាតិនាពេលបច្ចុប្បន្ននេះផងដែរ។ ស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះនេះ វានឹងផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋផងដែរលើវិស័យទេសចរណ៍ ព្រោះរំពឹងថា ស្ដូបនេះ នឹងអាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីទេសចរក្នុងស្រុក និងក្រៅស្រុក ពិសេសនោះពលរដ្ឋប្រទេសជិតខាង អាចមកទស្សនា សិក្សាស្រាវជ្រាវពីរឿងរ៉ាវប្រវត្តិសាស្រ្តផ្សេងៗ ដែលបានបន្សល់ទុកកាលពីសម័យរបបសង្រ្គាមក្នុងតំបន់នេះ»៕