(ភ្នំពេញ)៖ មូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) កម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដល់បងប្អូន ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជានៅក្នុងរាជធានីភ្នំពេញ។ ជាក់ស្តែងថ្នាក់ដឹកនាំ បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនពួកគាត់ជាបន្តបន្ទាប់ ដើម្បីជួយសម្រួលការលំបាក់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ លេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ដោយមានការចាត់តាំងពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន២៩៩នាក់បន្តទៀត នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីពួកគាត់ប្រើប្រាស់ ទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងក្រើនរំលឹកឱ្យលោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញជានិច្ច។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែតុលានេះ បងប្អូនដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញ បានទទួលថវិកា ៥ម៉ឺន មី ១កេស ទឹកសុទ្ធ១កេស ត្រីខ១យូរ ពីសម្តេចតេជោ ហ៊ុន សែន បន្ថែមពីលើការឧបត្ថមប្រចាំខែ របស់ពួកគាត់ទៀត ដើម្បីឱ្យពួកគាត់បានប្រើប្រាស់បានទៅវត្តធ្វើបុណ្យទាន និងជួបជុំគ្រួសារ។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះបងប្អូនជាសមាជិកមូលនិធិស៊ីក្លូ ពោលគឺឲ្យតែមានពិធីបុណ្យជាតិធំៗ ម្តងៗ សម្តេចតែងបានផ្តល់អំណោយជូនពួកគាត់ជានិច្ច។ ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូទាំង២៩៩នាក់ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែ ពួកគាត់អាចបើកបាន៣ដង ក្នុង១ដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនបណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូន អាចទៅព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ១៩ សម្តេចមិនត្រឹមតែផ្តល់ វ៉ាក់សាំងជូនពួកគាត់ទេ នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល អាវភ្លៀង ជូនពួកគាត់ថែមទៀត។

គួរបញ្ជាក់ថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យ អនានិគមនិយមបារាំងមកម្ល៉េះ៕