(ស្ទឹងត្រែង)៖ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងសហការី នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បាននាំយកនូវសម្ភារៈបរិក្ខាពេទ្យ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ផ្ដល់ជូនមន្ទីរសុខភិបាលខេត្តស្ទឹងត្រែង សម្រាប់ទុកប្រើប្រាស់ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្ត។

ពិធីប្រគល់-ទទួលសម្ភារបរិក្ខាពេទ្យនាឱកាសនេះ បានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីលោកស្រី កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក លេង ផាលី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលក្នុងខេត្តស្ទឹងត្រែងទាំងអស់ និងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តស្ទឹងត្រែងដែលបានចុះសកម្មភាពមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយឥតគិតថ្លៃបានជាង២០០ដង នាពេលកន្លងមក។

លោក លេង ផាលី បានគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាព ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា។ លោកបន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទូទាំងប្រទេសមានចំនួន១២,០៦៩នាក់ បានចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋបានចំនួន១៣លាននាក់ បានចុះធ្វើសកម្មភាពទូទាំងប្រទេសបានចំនួន១,៥០០លើក ចាក់វ៉ាក់សាំងបានចំនួន១១លានដូស។

ជាមួយគ្នានោះ លោក កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង បានបង្ហាញនូវក្តីសោមនស្សសប្បាយរីករាយ ចំពោះលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាជន។ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី ដែលបានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នាំយកនូវសម្ភារៈទាំងនេះមកប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងនាពេលនេះ៕