(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេប្រវែង៦៦០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង នៅសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ផ្លូវមួយខ្សែនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋស្រុកស្អាង បម្រើឲ្យផលប្រយោជន៍សាធារណៈ ជួយសម្រួលដល់ការធ្វើដំណើរទៅមកប្រកបដោយភាពងាយស្រួល មានសោភ័ណ្ឌភាព និងសុវត្ថិភាព។

លោកអភិបាល បានបន្តថា ផ្លូវដែលកំពុងបើកការដ្ឋានសាងសង់ និងសមិទ្ធផលជាច្រើនដែលកើតមាននៅពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពបានឡើយ ព្រោះប្រសិនបើប្រទេសជាតិមានសង្គ្រាម គ្មានសន្តិភាព នោះយើងមិនមានឱកាសអាចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើនដូចបច្ចុប្បន្ននេះបានឡើយ។

ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ កម្ពុជាអាចធ្វើការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ បានយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ក៏ត្រូវបានចាត់ទុក ផងដែរជាវិស័យអាទិភាពមួយយ៉ាងសំខាន់របស់ជាតិ ដែលជានិច្ចកាលតែងតែ បានទទួលការគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក គង់ សោភ័ណ្ឌ បានលើកឡើងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងនាំមកឲ្យប្រជាពលរដ្ឋកម្ពុជា នូវកិត្យានុភាពកាន់តែល្បីរន្ទឺពាសពេញសាកលលោក ជាពិសេសយុទ្ធសាស្រ្តការដឹកនាំ ដែលទទួលបានភាពជោគជ័យយ៉ាងត្រចេះត្រចង់ ទាំងទិដ្ឋភាពនយោបាយ កាទូត សេដ្ឋកិច្ច សង្គមកិច្ច ព្រមទាំងកិច្ចសហប្រតិបត្តិការ ដែលនេះបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីតម្លៃដ៏មហាសាលនៃសន្តិភាព ព្រមទាំងដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ដ្របញ្ចកោណ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកបានជំរុញដល់អាជ្ញាធរស្រុក និងកងកម្លំាងប្រដាប់អាវុធ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោរឆក់ ក្មេងទំនើង កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន ត្រូវរួមគ្នាធានាឲ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ៕