(កណ្ដាល)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញកាន់បិណ្ឌទី៨ នៅវត្តសាលាអណ្ដែត «ហៅវត្តអណ្ដូង» ស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានជួបសួរសុខទុក្ខ និងចែកជូនអំណោយដល់ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ដែលអញ្ជើញមកធ្វើបុណ្យទានសន្សំកុសល ជាង២៥០នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ២០,០០០៛ (ពីរម៉ឺនរៀល) និងសារ៉ុងមួយ។

អ្នកឧកញ៉ាបណ្ឌិត បានជម្រាបជូនប្រជាពលរដ្ឋឲ្យកាន់តែស្រលាញ់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចជាឥស្សរជនឆ្នើម ដឹកនាំបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ឲ្យប្រទេសជាតិកាន់តែរីកចម្រើនខ្លាំងឡើងៗ ជាលំដាប់ ខណ:សម្ដេចធិបតី បានជួបជាមួយអ្នកវិនិយោគជាង៥០ក្រុមហ៊ុន ក្រោយសម្ដេចអញ្ជើញទៅសហរដ្ឋអាមេរិកនាពេលកន្លងទៅថ្មីៗនេះ។

ជាមួយគ្នានេះ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ កុំលាបពណ៌ចោទប្រកាន់ខុសការពិត ហើយសូមស្រលាញ់ប្រទេសជាតិផង ខណៈដែលពលរដ្ឋជាង៨០ភាគរយ ស្រលាញ់គាំទ្រខ្លាំងណាស់ ព្រោះបើគ្មានសន្តិភាពទេ ពួកយើងមិនអាចមានឱកាសមកធ្វើបុណ្យបានឡើយ ដូច្នេះសូម «អរគុណសន្តិភាព, រក្សាសុខសន្តិភាពឲ្យគង់វង្សយូរអង្វែងជារៀងរហូត»។

អ្នកឧកញ៉ាបណ្ឌិត ក៏បានផ្ដល់បច្ច័យចំនួន ៤,០០០ដល្លារ ទុកសម្រាប់កសាងសមិទ្ធផលដែលបំរើឱ្យវិស័យព្រះពុទ្ធសាសនា និងចំណាយថវិការទិញសម្ភារប្រគេនអស់ចំនួន ១៦.០០០.០០០ រៀលទៀត សរបថវិការដែលចំណាយអស់ចំនួនជាង២៦លានរៀល។ ជានិច្ចកាលលោកតែងតែជួយកសាងសមិទ្ធផលនានាកន្លងមក សរុបថវិកាជាង «៩៩.៨៨០ដុល្លារ» នៅវត្តសាលាអណ្ដែត «ហៅវត្តអណ្ដូង» ដែលស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

គួររំលឹកថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំប្រចាំឆ្នាំ មានតាំងពីបុរាណកាលមក។ ពិធីបុណ្យភ្ជុំបិណ្ឌជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាម ទីវត្តអារាមក្នុងរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធ ហើយបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។