(ព្រះវិហារ)៖ លោក មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

ពិធីនេះបានរៀបចំឡើងនៅទីបញ្ជាការវរសេនាតូចលេខ១០៥ នគរបាលការពារព្រំដែនគោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងនាយទាហាន នាយនគរបាល ពលទាហាន ពលនគរបាល និងកងកម្លាំងប្រដាប់អាវុធសរុបប្រមាណជិត១ពាន់នាក់។

ថ្លែងក្នុងឱកាសនោះ លោក មាស សុខសេនសាន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខកងកម្លាំងគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ព្រមទាំងបានបង់កម្លាំងកាយចិត្ដ ពុះពារការលំបាក ក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាព ទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយជូនប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល។

លោកបញ្ជាក់ថា ស្ថិតនៅក្នុងទស្សនវិស័យ នៃសិល្បៈការចែករំលែក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចងសម្ព័ន្ធមេត្រីជាមួយអង្គភាពទាំងពីរ ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងកងទ័ព និងស្ថាប័នអង្គភាពស៊ីវិលឲ្យកាន់តែជិតសិ្នទ្ធ ដើម្បីរៀនសូត្រ និងដកពិសោធន៍ពីគ្នាទៅវិញទៅមក។

លើសពីនេះ ដើម្បីលើកកម្ពស់ជីវភាព រស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើរ ដែលជានិច្ចកាល ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងនាំយកអំណោយមកចែកជូនបងប្អូនកងទាហាន និងកងនគរបាលការពារព្រំដែនគោកនៅរៀងរាល់មុនពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ចាប់តាំងពីឆ្នាំ២០០៨ មកទល់ពេលបច្ចុប្បន្ននេះ។

ក្នុងវេទិកាដ៏សោមនស្សរីករាយនេះ លោក មាស សុនសេនសាន ក៏បានជម្រាបជូនអំពីព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល ជាពិសេស លើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិស័យការពារជាតិ ព្រមទាំងសមិទ្ធផលនាដើមនីតិកាលថ្មី ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការបំពេញបេសកកម្មក្រៅប្រទេសធំៗ ៣លើក ដោយបាននាំមកនូវជោគជ័យធំធេងទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ក្នុងនាមលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន, លោក មាស សុខសេនសាន្ត បានថ្លែងនូវការកោតសរសើរ និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះទាហាន និងនគរបាលទាំងអស់ ដែលឈរជើងនៅសមរភូមិមុខតំបន់មុំបីនេះ ព្រមទាំងនាំយកនូវអំណោយជាថវិកាចែកជូនក្នុងម្នាក់ៗចំនួន៥០,០០០រៀល អង្គភាពនីមួយៗ ចំនួន២,០០០,០០០រៀល រួមជាមួយគ្រឿងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួនផងដែរ សរុបជាថវិកាប្រមាណចំនួន ២២១លានរៀល៕