(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកស្រីអភិបាលរងស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ។

ក្នុងឱកាសនេះ លោក គួច ចំរើន បាននាំការផ្តាំផ្ញើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងកោតសរសើរលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សត្រូវពង្រឹងសមត្ថភាពដណ្តើមយកនិទ្ទេស A នៅតាមសាលាវិទ្យាល័យទាំង៩ ក្នុងខេត្តព្រះសីហនុ។

លោកថា រដ្ឋបាលខេត្ត និងក្រុមការងារនៅតែបន្តផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ១គ្រឿង សម្រាប់សិស្សប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ទន្ទឹមនោះក៏កំពុងគិតពីរង្វាន់លើកទឹកចិត្តសម្រាប់លោកគ្រូ អ្នកគ្រូ នៅតាមសាលាដែលបានជួយបណ្តុះបណ្តាលសិស្សទទួលបាននិទ្ទេស A។ សម្រាប់សិស្សមកពីស្រុកឆ្ងាយ រដ្ឋបាលខេត្តនៅតែបន្តគិតគូពីការស្នាក់នៅ និងអាហារហូបចុកផងដែរ។

លោកបានលើកឡើងបន្ថែមថា ដើម្បីធ្វើឲ្យវិស័យអប់រំ និងកីឡាបានរលូន មន្ទីរត្រូវបន្តការយកចិត្តទុកដាក់បំផុសឲ្យសិស្សចូលរួម ក្នុងវិស័យកីឡាក្នុងការចូលរួមការប្រកួតកីឡានៅទូទាំងប្រទេស ឆ្នាំនេះបានបញ្ជូនសិស្សទៅចូលរួមការប្រកួតកីឡាថ្នាក់ខេត្ត និងរាជធានីភ្នំពេញ លើវិញ្ញាសារមួយចំនួន សង្ឃឹមថា នៅឆ្នាំខាងមុខនឹងជំរុញវិស័យកីឡានៅគ្រប់កម្រិតសិក្សា ដើម្បីពង្រីកបរិមាណសិស្សចូលរួមការប្រកួតកីឡា ឲ្យបានកាន់តែច្រើននូវគ្រប់វិញ្ញាសារ។

លោកបានគូសបញ្ជាក់ថា ទាក់ទងបរិយាកាសកើតមានសកម្មភាពក្មេងទំនើងមួយចំនួន ក្នុងបណ្តាញសង្គម ក្នុងនោះខេត្តរបស់មានពីរករណី ដែលក្រុមក្មេងបានបង្កើតជាក្រុម Telegram ណាត់វាយគ្នា យើងក៏បានប្រមូលពួកគេទាំងពីរក្រុមយកមកធ្វើការអប់រំណែនាំ ហើយឲ្យអាណាព្យាបាលធ្វើកិច្ចសន្យាទទួលយកទៅផ្ទះវិញ។

លោកអភិបាលខេត្តសង្កត់ធ្ងន់មិនអនុញ្ញាតឲ្យមានក្មេងទំនើងនោះទេ សិស្សមិនមករៀន មិនគ្រប់គ្រាន់មិនត្រូវលប់ឈ្មោះសិស្សចេញពីសាលា បើមានបញ្ហាយើងត្រូវខិតខំធ្វើការអប់រំ នេះជាគុណធម៌ ព្រោះនេះជាភារកិច្ចរបស់លោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងសហគមមូលដ្ឋាន ដើម្បីតម្រង់ទិសអប់រំកែប្រែឡើងវិញ និងសូមជូនពរឲ្យសិស្សានុសិស្សដែលកំពុងត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២២-២០២៣ ជាប់ទាំងអស់គ្នា៕