(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៧ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈ ចំនួន៧។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈ ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំង ប្រធាន អនុប្រធាន និងចៅក្រម មួយចំនួន។

របៀបវារៈទី២៖ ពិគ្រោះយោបល់លើសំណើផ្ទេរ និងតែងតាំង ព្រះរាជអាជ្ញាព្រះរាជអាជ្ញារង មួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

របៀបវារៈទី៣៖ ពិនិត្យ និងសម្រេច លើសំណើសុំដាក់ឱ្យនៅទំនេរគ្មានបៀវត្សរយៈពេល ០២ឆ្នាំ របស់ចៅក្រម ០១រូប នៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

របៀបវារៈទី៤៖ ពិនិត្យ និងសម្រច អំពីសំណើសុំចូលបម្រើការងារនៅអង្គភាពដើមវិញ របស់ឯកឧត្តម អិត សម្ផស្ស អតីតអនុប្រធានសាលាឧទ្ធរណ៍ព្រះសីហនុ។

របៀបវារៈទី៥៖ ពិនិត្យ និងសម្រេច លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌចៅក្រម ចំពោះចៅក្រមកម្មសិក្សា ចំនួន៤០រូប។

របៀបវារៈទី៦៖ ពិគ្រោះយោបល់ លើសំណើសុំតាំងស៊ប់ក្នុងក្របខណ្ឌព្រះរាជអាជ្ញា ចំពោះ ព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន ១៦រូប តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

របៀបវារៈទី៧៖ បញ្ហាផ្សេងៗ៕