(ភ្នំពេញ)៖ ស្ថិតនៅក្នុងលក្ខខណ្ឌនៅពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្ក្រោះជាតិ ត្រូវបានច្បាប់ហាមឃាត់ មិនឲ្យចុះឈ្មោះបោះឆ្នោត និង ឈរឈ្មោះជាបេក្ខជនសម្រាប់ ការបោះឆ្នោតឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ខាងមុខនោះទេ, នេះបើលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចនាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការហាមឃាត់នេះដោយសារលោក សម រង្ស៊ី កំពុងជាប់ពោរពេញដោយពាក្យបណ្តឹង និងសាលក្រមរបស់តុលាការ ជាច្រើនករណី ដូច្នេះលោកមិនអាចឈរឈ្មោះ និងចុះឈ្មោះបោះឆ្នោតនោះទេ។
ប្រធាន គ.ជ.ប រូបនោះបានបញ្ជាក់ទៀតថា យោងតាមច្បាប់បោះឆ្នោត មាត្រា៤៦ បានហាមឃាត់ជនទាំងឡាយដែលជាទណ្ឌិត មិនត្រូវអនុញ្ញាតឲ្យឈរឈ្នោះ ឬចុះឈ្មោះបោះឆ្នោតនោះទេ ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតសមាជិករដ្ឋសភា និងជាប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាឱ្យចាប់ខ្លួន កាលពីថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈដែលលោកធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ហើយបន្តទៅប្រទេសកូរ៉េខាងត្បូង។ ការបញ្ជាឱ្យចាប់ខ្លួននេះធ្វើឡើងតាមសំណើរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាដើមបណ្តឹងដែលសុំឱ្យតុលាការអនុវត្តសាលក្រម និងសាលដិកាស្ថាពរ ដែលលោកបានឈ្នះក្តីលើ លោក សម រង្ស៊ី ពាក់ព័ន្ធនឹងបទ «បរិហាកេរ្តិ៍សាធារណៈ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តនៅសារមន្ទីរជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០០៨។
កាលនោះ លោក ហោ ណាំហុង បានប្តឹងលោក សម រង្ស៊ី ទាក់ទិននឹងការនិយាយនៅឯមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ដែលចោទប្រកាន់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសថា ជាប្រធានជំរំបឹងត្របែក នៅក្នុងសម័យខ្មែររក្រហម។
លោក ស៊ិក ប៊ុនហុក បានបន្ថែមថា សម្រាប់លោក កឹម សុខា ដែលកំពុងរងនូវពាក្យបណ្តឹងមួយចំនួន នាថ្មីៗនេះ ក៏អាចប្រឈមនឹងការបាត់បង់សិទ្ធិក្នុងការចុះឈ្មោះបោះឆ្នោតដែរ បើសិនជាមានសាលក្រមស្ថាពរពីតុលាការ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ពេលនេះកំពុងជាប់នូវបណ្តឹងបរិហារកេរ្តិ៍ លើ កញ្ញា ធី សុវណ្ណថា ជាមួយគ្នានេះ លោកក៏រងនូវបទល្មើសថ្មីមួយ ពាក់ព័ន្ធនឹងការមិនចូលខ្លួន តាមការកោះហៅរបស់ តុលាការក្រុងភ្នំពេញ៕