(ភ្នំពេញ)៖ អង្គការមេត្តាធម្មជាតិ ដែលជាអតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមចលនាជ្រុលនិយមមួយក្តាប់តូចដែលយកឈ្មោះអង្គការមាតាធម្មជាតិ (ចលនាមាតាធម្មជាតិ) ទៅប្រើប្រាស់ធ្វើសកម្មភាពដង្ហែក្បួន តវ៉ាគ្មានសណ្ដាប់ធ្នាប់ អនាធិបតេយ្យ។

ក្នុងសេចក្តីថ្លែងការណ៍ អតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាដែលជាអតីតចលនាមាតាធម្មជាតិ និងក្នុងនាមអង្គការមេត្តាធម្មជាតិ សូមសម្ដែងការមិនពេញចិត្ត និងសូមធ្វើការប្រឆាំងដាច់ខាតចំពោះសកម្មភាពដើរដង្ហែតវ៉ាយ៉ាងអនាធិបតេយ្យ និងគ្មានសណ្ដាប់ធ្នាប់តាមទីសាធារណៈដោយ កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា រួមទាំងបក្ខពួកដែលបានដាក់លិខិតសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ទាមទារចេញទៅក្រៅប្រទេសទាំងខ្លួនត្រូវតុលាការចេញសេចក្ដីសម្រេចហាមឃាត់មិនឱ្យចាកចេញទៅក្រៅប្រទេស។ ពួកគាត់តែងតែបង្ករូបភាពអនាធិបតេយ្យ និងធ្វើសកម្មភាពផ្ទុយពីច្បាប់នានារបស់ប្រទេសកម្ពុជាជារឿយៗ»

អតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានឱ្យដឹងថា អង្គការមាតាធម្មជាតិ (ចលនាមាតាធម្មជាតិ) ត្រូវបានលុបអាជ្ញាបណ្ណចេញពី ក្រសួងមហាផ្ទៃ យូរណាស់មកហើយ ដោយសារតែសកម្មជនខុសច្បាប់ អាឡិច ហ្គន់សាឡេសដេវិសុខ (Alejandro Gonzalez Devidson) និងបក្ខពួករបស់ខ្លួនបានយកឈ្មោះ អង្គការមាតាធម្មជាតិ ឬហៅថា ចលនាមាតាធម្មជាតិ ទៅប្រើប្រាស់ក្រោមរូបភាពនៃការការពារសិទ្ធិមនុស្ស និងបរិស្ថាន ដើម្បីយកទៅបំផ្លាញមុខមាត់របស់រាជរដ្ឋាភិបាល ក៏ដូចជា បង្កើតចលនាបះបោរប្រឆាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសកម្ពុជាឈានដល់ភាពវឹកវរ អនាធិបតេយ្យ និងអាប់ឱនកិត្តិយសក្នុងឆាកអន្តរជាតិ។

ពួកគាត់តែងតែលើកយកច្បាប់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ ទៅចោទប្រកាន់រាជរដ្ឋា ភិបាលថាមិនគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែផ្ទុយទៅវិញសកម្មភាពរបស់ពួកគាត់តែងតែបង្កភាពវឹកវរូបភាព អនាធិបតេយ្យដល់មុខមាត់ជាតិទៅវិញ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន និងកេងចំណេញនយោបាយតែប៉ុណ្ណោះ។

អតីតស្ថាបនិកអង្គការមាតាធម្មជាតិ បានបញ្ជាក់បន្ថែមថា «យើងខ្ញុំទាំងអស់គ្នាជាអតីតចលនាមាតាធម្មជាតិ សូមស្នើសុំអាជ្ញាធរពាក់ព័ន្ធមេត្តាធ្វើការស្រាវជ្រាវចាត់វិធានការទៅលើ បុគ្គលទាំងនោះតាមច្បាប់របស់ប្រទេសកម្ពុជាជាធរមាន។ ក្នុងនាម អង្គការមេត្តាធម្មជាតិ និងជាអតីតចលនាមាតាធម្មជាតិ សូម បញ្ជាក់ថាយើងខ្ញុំបានធ្វើកិច្ចការងារលើបរិស្ថានប្រកបដោយគុណធម៌ សច្ចធម៌ តម្លាភាព និងគាំទ្រដាច់ខាតនូវគោលនយោបាយ សន្តិភាពរបស់រាជរដ្ឋាភិបាល មានសន្តិភាព មានការការពារបរិស្ថាន មានសន្តិភាព មានការអភិវឌ្ឍន៍»