(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ជាមួយថ្នាំញៀនជិត១គីឡូក្រាម បម្រុងនាំចេញពីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅទីក្រុងតៃប៉ិ។

មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែតុលានេះថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកអ្នកដំណើរចេញ) បានធ្វើការពិនិត្យ និងឃាត់ខ្លួនអ្នកដំណើរម្នាក់ ឈ្មោះ CHEN WEI CHUN ជនជាតិចិនតៃវ៉ា ដែលមានលាក់បង្កប់សារធាតុញៀនប្រភេទកេតាមីន (រុំជាប់នឹងដងខ្លួន) ចំនួន២ដុំ ស្មើទម្ងន់៩៩៤ក្រាម។

បន្ទាប់ពីឃាត់ខ្លួនរួចហើយ កម្លាំងសមត្ថកិច្ចគយ និងរដ្ឋាករកម្ពុជា បានរាយការណ៍មកកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងដោយសារមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាក់ការបន្ត។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្ខពួក និងមេក្លោងដែលនៅសេសសល់ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ក្រោយពេលចូលកាន់តំណែង ជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ទីរប្រឆាំងគ្រឿងញៀន បោសសម្អាតឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដាខេត្ដឲ្យអស់នូវបញ្ហាគ្រឿងញៀននេះ៕