(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារប្រកបដោយផ្លែផ្កាជាមួយ លោកស្រី Maria Amelita C. Aquino ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្តោតការពិភាក្សាលើការទូតសេដ្ឋកិច្ច និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ការពារជាតិ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីរក៏បានបង្ហាញពីបំណងក្នុងការជំរុញវិស័យទេសចរណ៍ តាមរយៈការពិនិត្យលទ្ធភាពតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់តំបន់ទេសចរណ៍ដទៃទៀតដែលមានសក្ដានុពលនៅកម្ពុជា និងហ្វីលីពីន។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណហ្វីលីពីនដែលបាននាំចូលអង្ករពីកម្ពុជា។ ភាគីទាំងពីរ បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំកិច្ចប្រជុំលើកទី៤នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន ឱ្យបានឆាប់តាមពេលវេលាសមស្រប៕