Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូល​ខេត្តស្វាយរៀង បន្តចុះត្រួតពិនិត្យ និងដកហូត​ផលិតផល​គ្មានគុណភាព​​ចំនួន​ ៦៤​ គីឡូក្រាម

12-08-2016 17:33

(ស្វាយរៀង)៖ លោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្វាយរៀង និងគណកម្មការផ្សារ ចុះត្រួតពិនិត្យផលិតផល ចំណីអាហារ និងឥវ៉ាន់ចាបហួយចំនួន៥កន្លែង ដោយបានដកហូតផលិតផល គ្មានគុណភាព​ចំនួន ៦៤គីឡូក្រាម។

ដោយមានការព្រួយបារម្ភពី សុខភាពប្រជាពលរដ្ឋ ដែលកំពុងប្រើប្រាស់ចំណីអាហារ និងរបស់របរហូបចុកគ្មានគុណភាព មានសារធាតុគីមី ហួសសុពលភាព​ ទើបថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំខេត្ត បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅលើទីផ្សារ និងបានធ្វើតេស្តបឋម ទៅលើស្ករត្នោត ប្រហុក ផ្អក ម៉ាំ ស្ពៃជ្រក់ សាច់ក្រក ត្រីងៀត ណែម គ្មានការអនុញ្ញាតឲ្យប្រើប្រាស់ នៅផ្សារដូនស ផ្សារស្វាយជ្រុំ ផ្សារក្រោលគោ ផ្សារវាលយន្ត និងផ្សារប្រសូតិ ដោយបានធ្វើការដកហូតនូវទំនិញដែលខូចគុណភាព និងមានភាពមិនប្រក្រតីមួយចំនួន ដូចជា នំកូនក្មេងចំរុះ គ្រឿងទេសកែច្នៃរួច សរុបចំនួន ៦៤គីឡូក្រាម។

ជាមួយនោះ លោក ណាល់ វិចិត្រ ក៏បានណែនាំដល់អាជីករទាំងអស់ ដែលដាក់តាំងលក់នូវប្រភេទអាហារ ត្រូវតែគ្មានជាតិគីមី មានគុណភាព សុវត្ថភាព និងមានអនាម័យត្រឹមត្រូវ ដើម្បីចូលរួមចំណែកថែរក្សាសុខភាព ប្រជាពលរដ្ឋទាំងអស់គ្នា៕