(ព្រះវិហារ)៖ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងសហការី នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បាននាំយកនូវសម្ភារបរិក្ខាពេទ្យ ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ផ្ដល់ជូនមន្ទីរសុខភិបាលខេត្តព្រះវិហារ សម្រាប់ ទុកប្រើប្រាស់ដើម្បីបម្រើដល់វិស័យសុខាភិបាលក្នុងខេត្ត។

ពិធីប្រគល់-ទទួលសម្ភារបរិក្ខាពេទ្យនាឱកាសនេះ បានធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកវេជ្ជ បណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក លេង ផាលី បានថ្លែងនាំនូវការផ្តាំផ្ញើសាកសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ផ្ញើជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលក្នុងខេត្តព្រះវិហារទាំងអស់ ពិសេសក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ សូមជួបតែសេចក្តីសុខ សុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច។

លោកក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ខេត្តព្រះវិហារ ដែលបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនាពេលកន្លងមក ព្រមទាំងបន្តយុទ្ធនាការបរិច្ចាគឈាម ដើម្បីផ្គត់ផ្គង់ឈាមជូនប្រជាពលរដ្ឋតាមតម្រូវការក្នុងខេត្តព្រះវិហារ។

ដែលកត្តានេះបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងបង្ហាញនូវក្តីសោមនស្សសប្បាយរីករាយ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ហ៊ុន ម៉ានី ដែលបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាជនដោយបានចាត់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តនាំយកនូវសម្ភារៈទាំងនេះមកប្រគល់ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារនាពេលនេះ។ សម្ភារពេទ្យដែលបានផ្តល់ជូនរួមមាន៖ស្រោមដៃពេទ្យចំនួន២៥កេស ស្មើនឹង ២៥០,០០០ស្រោមដៃ និង Covid-19 Antigen Test ចំនួន៤០ប្រអប់៕