(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តសហការជាមួយភាគីអូស្រ្តាលី ដើម្បីសិក្សាលើគម្រោងជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី ដោយផ្តោតចម្បងលើសន្តិសុខសុវត្ថិភាពទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជួបពិភាក្សាការងារជាមួយលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោកឯកអគ្គរាជទូតដែលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសម្រាប់វិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់រួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
 
សូមជម្រាបថា កន្លងមក រាជរដ្ឋាភិបាលអូស្រ្តាលីបានជួយជំនួយឥតសំណក្នុងការអនុវត្តគម្រោងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) ហើយតាមរយ:គម្រោងនេះ ប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយបានជួយជំរុញឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់វិស័យកសិកម្មនៅក្នុងខេត្តគោលដៅ។ គម្រោងកាវ៉ាក់មិនត្រឹមតែបានជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញកំណើនសេដ្ឋកិច្ចជនបទឱ្យមានការរីកចម្រើនទ្វេដង។
 
លោករដ្ឋមន្ត្រីបានបន្តថា កន្លងមកនេះ រាជរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងនូវសន្តិសុខទឹកកម្ពុជា (Cambodia Water Security Improvements Project) របស់ធនាគារពិភពលោក (World Bank) ដែលគ្រោងនឹងចាប់ផ្តើមអនុវត្តឆាប់ៗខាងមុខ និងបានស្នើសុំភាគីអូស្រ្តាលីបន្តកិច្ចសហការ ដើម្បីឱ្យការអនុវត្តគម្រោងនេះបានប្រព្រឹត្តទៅកាន់តែឆាប់។

លោក ថោ ជេដ្ឋា បានប្ដេជ្ញាថា ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តសហការឱ្យកាន់តែស្និទ្ធស្នាលជាមួយភាគីអូស្រ្តាលី ដើម្បីធ្វើការសិក្សាលើគម្រោងជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលី ដោយផ្តោតចម្បងលើសន្តិសុខសុវត្ថិភាពទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
 
ជាមួយគ្នានេះដែរ លោកឯកអគ្គរាជទូតបានជម្រាបជូនលោករដ្ឋមន្ត្រីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអូស្ត្រាលីក្នុងការបន្តរួមចំណែក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវិស័យធនធានទឹកឱ្យកាន់តែមានការវិវត្តរីកចម្រើនបន្ថែមទៀត។
 
ជំនួបពិភាក្សាបានបញ្ចប់ក្រោមបរិយាកាសស្និទ្ធស្នាល និងរីករាយ ដោយភាគីទាំងពីរប្តេជ្ញាបន្តកិច្ចសហការ ដើម្បីរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ សំដៅធានានូវសន្តិសុខទឹកសម្រាប់បំពេញតម្រូវការប្រើប្រាស់ និងការអភិវឌ្ឍប្រកបដោយចីរភាព៕