(ភ្នំពេញ)៖ គម្រោងបុរីភ្នំពេញថ្មី RegentPark គ្រោងនឹងបញ្ចប់ការសាងសង់ និងត្រៀមដាក់លក់នៅក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីធ្វើការសាងសង់អស់រយៈពេលជាច្រើនខែកន្លងមកនេះ។បុរីភ្នំពេញថ្មីនេះ ត្រូវបង្កើតឡើងក្នុងគោលបំណង អភិវឌ្ឍន៍ទីក្រុងភ្នំពេញ ឲ្យក្លាយជាទីក្រុងល្អមួយ ក្នុងតំបន់អាស៊ាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នំា២០១៦នេះ កញ្ញា ណាំ ម៉ារី ជាតំណាងផ្នែកលក់បុរីភ្នំពេញថ្មី បានឲ្យដឹងថា គំរោង Regent Park នេះ មានចំនួន៦ប្រភេទ ដែលមានដូចជាផ្ទះល្វែង វីឡាទោល វីឡាទោលខ្នាត B វីឡាភ្លោះ និងវីឡាកូនកាត់ ដែលលក់ចេញក្នុងតម្លៃទាបជាងគេ គឺចាប់ពី១៣១,៨០០ដុល្លារ។
កញ្ញាបន្ដទៀតថា ចំណុចខ្លាំងនៃគម្រោង របស់បុរីភ្នំពេញថ្មីនេះ មាន៥ចំណុច ទី១-យើងផ្ដោតទៅលើទីតាំង គឺនៅទីនេះមានទីតាំងមួយ ដែលជាទីប្រជុំជន មានប្រជាពលរដ្ឋរស់នៅច្រើន មានដងផ្លូវធំទូលាយ ហើយជាតំបន់មួយដែលកំពុងមាន កាអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលអនាគត។ ទី២-គុណភាពរឹងមាំសិក្សាទាំងគ្រឹះ ទាំងផ្លូវ ទាំងផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធ ជុំវិញធ្វើឡើង ប្រកបដោយស្ដង់ដារជាតិ និងអន្ដរជាតិ។ ទី៣-សោភ័ណ្ឌភាពក្នុងគេហដ្ឋាន ស្រស់ស្អាតមានភាពឆើតឆាយតាមដងផ្លូវ និងសួនច្បារនានា ដែលមើលទៅចង់ឲ្យគយគន់។ ទី៤-វិធីសាស្រ្ដបង់ប្រាក់ បច្ចុប្បន្នយើងមានការបង់ប្រាក់ រហូតដល់២០ឆ្នាំ ហើយយើងតម្រូវឲ្យកក់ប្រាក់ត្រឹមតែ១០ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះ។ និងទី៥ សេវាអតិថិជនរបស់យើងល្អ។
លោក ភូ សម្បត្តិ ជំនួយការនាយកបុរីភ្នំពេញថ្មី បានឲ្យដឹងថា ភាគច្រើនអតិថិជនដែលមកជាវ គម្រោងរបស់បុរី គឺជាជនជាតិខ្មែរ និងមានបរទេសមួយចំនួន សម្រាប់ស្នាក់នៅ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ខាងបុរីភ្នំពេញថ្មីក៏មានធ្វើនៅ Pormotion កាដូពី៦០០០ដុល្លារ រហូតទៅដល់១០០០០ដុល្លារ និងបន្ថែមជូននៅម៉ាស៊ីនត្រជាក់គ្រប់បន្ទប់គេង សម្រាប់អតិថិជនដែលមកធ្វើការកក់ផ្ទះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ។
លោកបានបន្ដទៀតថា គម្រោង បុរី Regent Parkនេះគឺ ជាគម្រោងទី០៧ ហើយសម្រាប់អតិថិជនដែលបានបង់រំលោះ នៅបុរីរបស់យើងនឹងទទួលបាន នៅផលប្រយោជន៍ជាច្រើន គឺគាត់មានផ្ទះជាកម្មសិទ្ធិស្នាក់នៅ មួយវិញទៀតតម្លៃផ្ទះអាចមានការកើនឡើងអញ្ចឹងពេលដែលគាត់បង់រំលោះ គឺគាត់អាចចំណេញមួយទ្វេជាពីរ។ ចំពោះសុវត្ថិភាពក្នុងការថែរក្សា ក្នុងបុរីវិញ គឺយើងមានការគ្រប់គ្រងយ៉ាងម៉ត់ចត់បំផុត ហើយខ្ញុំជឿជាក់ថា អតិថិជននៅតែគាំទ្របន្ដជាវនៅបុរី Regent Park តទៅទៀត។
សូមបញ្ជាក់ថា បុរីភ្នំពេញថ្មី Regent Park នេះត្រូវបង្កើតឡើង ក្នុងចុងឆ្នំា២០១៥ រហូតមកដល់បច្ចុប្បន្ននេះ បុរីភ្នំពេញថ្មី Regent Park បានលក់អស់ប្រហែល ៧០ភាគរយហើយ៕