(កំពង់ធំ)៖ គិតត្រឹមតែប៉ុន្មានថ្ងៃចុងក្រោយនេះខេត្តកំពង់ធំ ពិសេសស្រុកតាំងគោក បានទទួលរងជំនន់ទឹកភ្លៀងផ្ទួនៗ ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋ រងការគំរាមកំហែង ក្នុងនោះលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ហាក់មិននៅស្ងៀមឡេីយ នឹងបានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះធ្វើការពិនិត្យស្ថានភាពទឹកជំនន់នេះជាក់ស្តែងនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ នៅចំណុចឃុំស្រឡៅ និងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ។
លោក ហាក់ ម៉ុងហួត ក៏បានណែនាំមេឃុំឲ្យតាមដានជាប្រចាំនិងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ជៀសវាងការខូចខាតស្រូវប្រជាជនដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម។
សូមបញ្ជាក់ថា ទឹកជំនន់នេះបណ្តាលឱ្យប៉ះពាល់ស្រូវពង្រោះសរុបចំនួន ២៦០ ហិកតា ស្មើនឹង ៣៣គ្រួសារ លើ២ឃុំ មានឃុំពង្រ ប៉ះពាល់ចំនួន ១៩ហិកតា ស្មើនឹង ៩គ្រួសារ លើ៤ ភូមិ។ ឃុំស្រឡៅ ប៉ះពាល់ ២៤១ ហិកតា លើ២ភូមិ។ បើសិនមិនមានភ្លៀងធ្លាក់ចំនួន ២ ឬ៣ថ្ងៃខាងមុខទៀត អាជ្ញាធរនិងធ្វេីការអន្តរាគមន៍បូមទឹកចេញពីស្រូវពង្រោះនោះកុំឱ្យស្រូវមានការខូចខាតធ្ងន់ធ្ងរ។
ទោះយ៉ាងណា អាជ្ញាធរស្រុក និងឃុំ នៅតែមានការប្រុងប្រយ័ត្នជានិច្ច ដើម្បីចាំជួយអន្តរាគមន៍សង្រ្គោះស្រូវគ្រប់ពេលវេលា ពីជំនន់ទឹកភ្លៀងនេះផងដែរ៕