(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានចាត់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ អញ្ជើញជាតំណាងក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៣ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានរាយការណ៍បញ្ជាក់ថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៥៣ ប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ដែលសិក្ខាកាមចំនួន១៤៥នាក់ (ស្រី ០៣នាក់) ក្នុងនោះ៖ នាយ-នាយនគរបាលរង នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៥នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៨១នាក់ មកពី៦៧ក្រុមហ៊ុន, ភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន៥៩នាក់ មកពី២៨សហគ្រាសគ្រឹះស្ថាន។

លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានអះអាងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥២លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៨,៩៨៩នាក់ (ស្រី២០៤នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២០៨នាក់ (ស្រី១៧នាក់)។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានឲ្យដឹងថា កិច្ចការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ តាងនាមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្ដែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន គ្រូបង្គោល ក្រុមការងាររៀបចំ វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥៣ ដែលមានសិក្ខាកាមចំនួន ១៦៥នាក់ (ស្រី០៣នាក់) និងមានគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ខ្ពស់ ក្នុងកិច្ចការជាមន្រ្តីនគរបាលយុត្តិធម៌ និងការងារដឹកនាំជំនាញកងកម្លាំងនគរបាលជាតិ។

លោកបន្ដថា បើទោះបីជារយៈពេលវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន មានរយៈពេលខ្លី ប៉ុន្តែគ្រូវឧទ្ទេសនាមបានធ្វើការចងក្រងយកចិត្តទុកដាក់ផ្ដោតសំខាន់ទៅលើមេរៀនចំនួន៧៖ ១៖តួនាទី និងភារកិច្ចភ្នាក់ងារសន្តិសុខឯកជន, ២៖វិធីសាស្រ្តការពារគោលដៅ, ៣៖វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញពីអគ្គិភ័យ, ៤៖កិច្ចសហការណ៍រវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, ៥៖ស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្ដាករណីល្មើសច្បាប់ផ្សេងៗ, ៦៖អំពីការការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ និង៧៖ការស្វែងយល់ពីឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក។

លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ស្នើនាយកដ្ឋានបន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនជាបន្តបន្ទាប់ទៀត។ លោកក៏ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

ជាមួយគ្នានេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា, រួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយជៀសវាងដាច់ខាតពាក់ព័ន្ធជាមួយបទល្មើសគ្រប់ប្រភេទ ពិសេសគ្រឿងញៀន។

ដោយឡែក សម្រាប់នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា លោកអគ្គស្នងការរង បានជំរុញឲ្យបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។

ជាចុងក្រោយ លោកបានស្នើក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ដល់ភ្នាក់ងាររបស់ខ្លួនដែលពុំទាន់មាន ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល និងបានប្រកាសបិទវគ្គបំប៉នជំនាញសន្តិសុខឯកជន លើកទី៥៣ ចាប់ពីពេលនេះតទៅ៕