(ភ្នំពេញ)៖ បន្ទាប់ពីការពារនៅចំពោះមុខគណៈកម្មការវាយតម្លៃដែលមានបណ្ឌិតចំនួន៧រូប ក្នុងនោះក៏មានបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជ បណ្ឌិត្យសភាកម្ពុជា, និងបណ្ឌិត ខែក វីរៈ នាយកខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផង លោក ឆាយ សុផល ទទួលបានជោគជ័យក្នុងការការពារនិក្ខេបបទបញ្ចប់របស់ខ្លួន នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។

ក្រោយពីសិក្សានៅក្នុងថ្នាក់រយៈពេលមួយឆ្នាំ នៅឯរាជបណ្ឌិត្យសភាកម្ពុជា និងបានសិក្សាស្រាវជ្រាវ ព្រមទាំងសរសេរ ដោយបំពេញតាមលក្ខខណ្ឌផ្សេងៗ តាមនិយាមរបស់រាជបណ្ឌិត្យសភាកម្ពុជា អស់រយៈពេល៣ឆ្នាំបន្ថែមទៀត លោក ឆាយ សុផល ក៏ទទួលបានជោគជ័យជាស្ថាពរនៅថ្ងៃនេះ។

សូមបញ្ជាក់ថា ក្នុងចំណោមនិស្សិតជាង៩០នាក់ នៅជំនាន់៤ វគ្គ១ គឺលោក ឆាយ សុផល ជាបេក្ខជនបណ្ឌិតទី២ ដែលបានបញ្ចប់ថ្នាក់បណ្ឌិតដោយជោគជ័យ។

លោក ឆាយ សុផល ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីផងនោះ បានរៀបរាប់ថា ការទទួលបានបណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា គឺមិនងាយស្រួលនោះទេ ហើយលោកពិតជាមានមោទនភាព ដែលលោកអាចធ្វើបាន បើទោះជាលោករវល់យ៉ាងណាក៏ដោយ ហើយថា ការព្យាយាម និងអត់ធ្មត់ ព្រមទាំងការគ្រប់គ្រងពេលវេលាឱ្យបានច្បាស់លាស់ នោះអាចនាំឱ្យសម្រេចកិច្ចការបាន។

លោកបន្តថា និក្ខេបបទ ស្តីពី «ឥទ្ធិពលហ្វេសប៊ុកនៅក្នុងនយោបាយកម្ពុជា (ឆ្នាំ២០០៨ - ២០២១) - ករណីសិក្សានៅរាជធានីភ្នំពេញ» ពិតជាប្រធានបទថ្មី ហើយក្តៅ នៅក្នុងសង្គមកម្ពុជា ហើយថា និក្ខេបបទនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងវិភាគទៅលើឥទ្ធិពលហ្វេសប៊ុកនៅក្នុងនយោបាយ និងបញ្ហាសង្គមមួយចំនួន ព្រមទាំងផលវិជ្ជមាន និងអវិជ្ជមានខ្លះទៀត ដែលកើតមានចំពោះបុគ្គល ក្រុម និងសង្គម នៅប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ២០០៨-២០២១។

នៅក្នុងនិក្ខេបបទនេះ លោក ឆាយ សផុល បានផ្អែកលើទិន្នន័យបែបបរិមាណវិស័យផង និងគុណវិស័យផង ដែលធ្វើឡើងតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ ចំពោះបរិមាណវិស័យ គឺលោកបានសម្ភាសអ្នកឆ្លើយតបចំនួន៥០០នាក់ (ស្រ្តី៣០%) ក្នុងនោះមានអ្នកនយោបាយ និងមិននយោបាយ ព្រមទាំងអ្នកជំនាញវិទ្យាសាស្រ្តនយោបាយផងដែរ ដោយលោកប្រមូលចម្លើយ តាមរយៈការជួបផ្ទាល់ផង និងធ្វើតាមប្រព័ន្ធអនឡាញ (Online) ផង។ ការធ្វើតាមប្រព័ន្ធអនឡាញ (Online) នេះ គឺតាមរយៈការបញ្ជូនបញ្ជីសំណួរនៅក្នុងប្រព័ន្ធ ‘Google Form’ ហើយភ្ជាប់តំណទៅ ម៉ាស្សិនជឺ (Messenger) របស់ ហ្វេសប៊ុក (Facebook)។ ទទ្ទឹមនឹងនោះ លោកក៏បានសម្ភាសន៍បែបស៊ីជម្រៅជាមួយអ្នកជំនាញ និងអ្នកពាក់ព័ន្ធនឹងនយោបាយចំនួន១០រូបផ្សេងទៀតដែរ។

សម្រាប់គុណវិស័យវិញ លោក ឆាយ សុផល បានផ្នែកលើឯកសារចំនួន៣៩២ចំណងជើង ធ្វើជាគន្ថនិទ្ទេស ក្នុងនោះមាន៖ - ឯកសារជាភាសាខ្មែរមាន៖ សៀវភៅ១៣ចំណងជើង, របាយការណ៍ស្រាវជ្រាវ៦៣ចំណងជើង, សុន្ទរកថា២អត្ថបទ, សារព័ត៌មាន២០១អត្ថបទ, ហ្វេសប៊ុកចំនួន១៤គណនី។ ឯកសារភាសាបរទេសមាន៖ សៀវភៅ១២ចំណងជើង, របាយការណ៍ស្រាវជ្រាវ៤៤ចំណងជើង, សារព័ត៌មាន៣៩ ចំណងជើង និងបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុកចំនួន ៣គណនី។

តាមលទ្ធផលនៃការសក្សា ដោយសារតែ ហ្វេសប៊ុក មានប្រជាប្រិយ ងាយស្រួលប្រើដោយចំណាយប្រាក់តិច និងបញ្ជូនសារស្ទើរគ្រប់ទម្រង់បានយ៉ាងលឿន និងដល់គោលដៅច្រើន ទើប ហ្វេសប៊ុក មានឥទ្ធិពលលើទិដ្ឋភាពនយោបាយកម្ពុជា នាចន្លោះឆ្នាំ២០០៨-២០២១ ក៏ដូចជាឆ្នាំបន្តបន្ទាប់។ ប្រការនេះបាននាំឱ្យមានការផ្លាស់ប្តូរឥរិយាបថទាំងអ្នកនយោបាយ និងអ្នកគាំទ្រនយោបាយ ក្នុងការចូលរួមពិភាក្សា និងការបញ្ចេញមតិ ក៏ដូចជាការចូលរួមបោះឆ្នោត និងមិនទៅបោះឆ្នោត។ ទន្ទឹមនឹងនោះ ហ្វេសប៊ុក បានផ្លាស់ប្តូរឥរិយាបថមន្រ្តីផ្តល់សេវាសាធារណៈរដ្ឋ ដោយធ្វើឱ្យពួកគេមានទំនាក់ទំនងល្អ, មានឥរិយាបថរួសរាយ និងទន់ភ្លន់ជាងមុន ខណៈដែលការផ្តល់សេវាបានលឿន និងមានប្រសិទ្ធភាពជាងមុន ដោយបានកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយជាដើម ហើយការផ្តល់សេវាកាន់តែមានតម្លាភាព និងគុណភាពជាងមុន ហើយប្រជាពលរដ្ឋបានចំណាយពេលវេលា និងថវិកាតិចជាងមុន។

លទ្ធផលក៏បានបង្ហាញដែរថា ដោយសារតែអក្ខរកម្មព័ត៌មាន និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន ឆាប់ជឿ និងឆាប់ចែករំលែក ហើយបញ្ចេញមតិភ្លាមៗ ដោយពេលខ្លះ ឆាប់មានកំហឹងចំពោះសារមិនល្អ ដោយបាត់បង់សីលធម៌ ទាំងទិដ្ឋភាពនយបាយ និងសង្គម បាត់បង់កិត្តិយស រហូតមានការជាប់ទោសទណ្ឌ បាត់បង់ផលប្រយោជន៍ ចាញ់បោកទ្រព្យសម្បត្តិគេ បាត់បង់តួនាទី និងអំណាចជាបុគ្គលផង និងជាក្រុមផង រហូតមានការនិរទេសខ្លួន គ្មានសិទ្ធិធ្វើនយោបាយ និងបរាជ័យលើបំណងកាន់តំណែងរដ្ឋទៀតផង។

ទន្ទឹមនឹងនោះ និក្ខេបបទក៏បានបង្ហាញលទ្ធផលដែរពីឥទ្ធិពលហ្វេសប៊ុកលើគំនិតផ្តួចផ្តើមការរៀបចំច្បាប់ ការធ្វើវិសោធនកម្មច្បាប់ ការអនុវត្តច្បាប់និងការគោរពច្បាប់ ព្រមទាំងការរឹតបន្តឹងការអនុវត្តច្បាប់។

ទាញចេញពីលទ្ធផលនៃការសិក្សាស្រាវនៅ និងការសន្និដ្ឋាននៅក្នុងនិក្ខេបបទនេះ លោក ឆាយ សុផល បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

* សម្រាប់អ្នកនយោបាយ និងសកម្មជននយោបាយ

ត្រូវឆក់ឱកាសប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមថ្មីៗទៀត ទៅតាមការវិវឌ្ឍនៃបច្ចេកវិទ្យាព័ត៌មានជាសកល ដើម្បីទាញប្រយោជន៍នយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស ហើយទាញយកចំណាប់អារម្មណ៍ និងការគាំទ្រពីសំណាក់មហាជន ក៏ដូចជាអ្នកបោះឆ្នោត។ ទន្ទឹមនឹងនេះ អ្នកនយោបាយ និងសកម្មជននយោបាយ ក៏ដូចជាអ្នកមិនមែននយោបាយផង ត្រូវប្រកាន់យកគោលការណ៍ច្បាប់ និងពង្រឹងសីលធម៌ជាបុគ្គល និងក្រមសីលធម៌ជាក្រុម លើកិច្ចការនយោបាយ និងសង្គម ឱ្យបានខ្ពស់ ដោយមិនត្រូវយកហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ធ្វើជាសង្វៀនប្រកួតប្រជែងគ្នាស្លាប់រស់នោះឡើយ។ ការប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត មិនបានត្រឹមត្រូវ ដោយប្រាសចាកពីគោលការណ៍ច្បាប់ និងសីលធម៌ នឹងអាចនាំអាសោចកេរ្តិ៍ បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរ បាត់បង់អំណាច តួនាទី ទាំងជាបុគ្គលនិងជាក្រុម ឬក៏អាចនិរទេសខ្លួន និងបាត់បង់សិទ្ធិធ្វើនយោបាយជាដើម ហើយក៏អាចជាប់ទោសទណ្ឌតាមផ្លូវច្បាប់ ព្រមទាំងអាចបាត់បង់ការគាំទ្រពីមហាជន និងទទួលបានមកវិញនូវការប្រមាថថែមទៀត។

ម្យ៉ាងទៀត ទាំងអ្នកនយោបាយ និងសកម្មជននយោបាយត្រូវស្វែងយល់ឱ្យបានច្បាស់ពីអក្ខរកម្មព័ត៌មាន និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវយល់ដឹងពីព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានបំភ្លៃជាដើម ដើម្បីចៀសវាងការយល់ខុស និងភាន់ច្រឡំ ក្នុងចំណោមមហាជន និងបង្កចលាចលនៅក្នុងសង្គម ហើយត្រូវបញ្រ្ជាបពីបញ្ហាដ៏គ្រោះថ្នាក់នៃព័ត៌មានទាំងនេះ ទៅឱ្យអ្នកគាំទ្រនយោបាយ និងអ្នកបោះឆ្នោត ក៏ដូចជាមហាជនទូទៅផងដែរ។

* សម្រាប់អ្នកគាំទ្រនយោបាយ អ្នកបោះឆ្នោត និងមហាជនទូទៅ

មិនខុសពីអ្នកនយោបាយ និងសកម្មជននយោបាយប៉ុន្មាននោះទេ គឺត្រូវប្រើប្រាស់ ហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀតឱ្យបានត្រឹមត្រូវ ហើយត្រូវគិតគូរពីបញ្ហាដែលកើតមានតាមផ្លូវច្បាប់ ដោយត្រូវបង្កើនសីលធម៌ផ្ទាល់ខ្លួន ហើយមិនត្រូវយកហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គម ផ្សេងៗ ធ្វើជាទីលានវាយប្រហារ និងជេរប្រមាថគ្នា ស្លាប់រស់នោះឡើយ។

ការប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមដទៃទៀត ដោយមិនបានស្វែងយល់ពីច្បាប់ ក៏អាចប្រឈមមុខនឹងបន្តឹង នាំឱ្យអាសោចកេរ្តិ៍ បាត់បង់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ហើយអាចចាញ់បោកគេ ខាតបង់ទ្រព្យសម្បត្តិ ខាតបង់ប្រយោជន៍ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចទៀតផង។

បន្ថែមពីលើនេះ ដោយសារតែព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានបំភ្លៃជាដើម បាននិងកំពុងវាយលុកក្នុងហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមថ្មីៗទៀត អ្នកគាំទ្រនយោបាយ អ្នកបោះឆ្នោត និងមហាជនទូទៅ ក្នុងនោះក៏មានព្រះសង្ឃផងដែរ ក៏ត្រូវបង្កើនការយល់ដឹងបន្ថែមលើអក្ខរកម្មព័ត៌មាន និងអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ដើម្បីគេចផុតពីការខាតបង់ទាំងផ្នែកសេដ្ឋកិច្ច សិទ្ធិជាមូលដ្ឋាន ដោយជាប់ទោសទណ្ឌតាមផ្លូវតុលាការ។ ត្រូវវិភាគព័ត៌មានឱ្យបានល្អិតល្អន់មុននឹងជឿ និងមុនចែករំលែកបន្ត បើមិនដូច្នេះទេ អាចបង្កហានិភ័យនៅក្នុងសង្គម ដូចជាមនុស្សភ័យខ្លាច បន្ទាប់ពីទទួលបានព័ត៌មាន ហើយឈ្មួញឆ្លៀតឱកាសដំឡើងតម្លៃទំនិញជាដើម។

* សម្រាប់មន្រ្តីផ្តល់សេវាសាធារណរបស់រដ្ឋ, មន្រ្តីរាជការ និងកងកម្លាំប្រដាប់អាវុធ

ដោយសារតែហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមដទៃទៀត ត្រូវបានមហាជនប្រើប្រាស់ដោយងាយស្រួល និងដោយសេរី ដើម្បីបញ្ជូន និងទទួលសារគ្រប់ប្រភេទពីពហុមជ្ឈដ្ឋាន នោះមន្រ្តីទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ រួមទាំងអ្នកចលនាសង្គមនានាផង ត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាព និងឥរិយាបថរបស់ខ្លួន ទាំងនៅទីសាធារណៈ និងនៅទីឯកជននានា។ ការអួតអាង, ការសម្ញែង, ការរើសអើង, ការផ្តល់សេវាមិនបានត្រឹមត្រូវតាមគោលការណ៍ច្បាប់កំណត់, ហើយបំពាន, គ្មានតម្លាភាព និងគ្មានយុត្តិធម៌ នាំឱ្យអ្នកទទួលសេវា ក៏ដូចជាមហាជន ជាពិសេសអ្នកសារព័ត៌មានពលរដ្ឋ (Citizen Journalists) ថតផ្សព្វផ្សាយ និងចែករំលែកបន្តពេញ ហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀត ដែលអាចនាំឱ្យមានបញ្ហាដល់ខ្លួន, គ្រួសារ, និងក្រុមការងារផង រហូតអាចបាត់បង់តួនាទី, ការងារ អាម៉ាស់មុខ, បាត់បង់កិត្តិយស, និងសេចក្តីថ្លៃថ្នូរទៀតផង។

មិនខុសពីអ្នកផ្សេងឡើយ គឺមន្រ្តីផ្តល់សេវាសាធារណៈរបស់រដ្ឋ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធត្រូវពង្រឹងសមត្ថភាពលើអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ហើយស្វែងយល់ឱ្យបានស៊ីជម្រៅពីព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភាន់ និងព័ត៌មានបំភ្លៃជាដើម ព្រមទាំងបង្កើនការយល់ដឹងស្តីពីច្បាប់ពាក់ព័ន្ធនានា ទាក់ទិននឹងការផ្សព្វផ្សាយជាសាធារណៈ ដើម្បីចៀសផុតពីផលវិបាកផ្សេងៗទាំងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម។ បន្ទាប់មក ត្រូវជួយអប់រំ និងផ្សព្វផ្សាយបន្តដល់មហាជន ដើម្បីរួមចំណែកកាត់បន្ថយផលវិបាកផ្សេងៗ ដែលបណ្តាលមកពីការប្រើប្រាស់ ហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀត មិនបានត្រឹមត្រូវ ដែលប្រាសចាកពីសីលធម៌, វប្បធម៌ ប្រពៃណីជាតិ, សាសនា, និងក្របខ័ណ្ឌច្បាប់។

* សម្រាប់ប្រជាពលរដ្ឋ

ក្នុងនាមជាប្រជាជន ជាពិសេសអ្នកដែលអះអាងថា ខ្លួនជា «អ្នកសារព័ត៌មានប្រជាពលរដ្ឋ» ដែលរស់នៅក្នុងប្រទេសមួយដែលខ្លួនគិតថា ត្រូវតែមាននីតិរដ្ឋ គឺត្រូវចូលរួមចំណែកក្នុងការកាត់បន្ថយអំពើសកម្មនានានៅក្នុងសង្គម។ ដោយសារតែ ហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត កំពុងមានប្រជាប្រិយសម្រាប់ការទទួល, ការបញ្ជូន, និងការចែករំលែកសារបានយ៉ាងលឿន នោះប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានប្រជាពលរដ្ឋ ត្រូវឆក់ឱកាសប្រើប្រាស់ ហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមថ្មីៗទៀត ដើម្បីទាញប្រយោជន៍សម្រាប់ខ្លួនឯងផង និងសង្គមជាតិផង តាមរយៈការបញ្ចេញមតិ និងការរាយការណ៍ព័ត៌មានប្រកបដោយសីលធម៌, បង្ហាញការពិតដោយគ្មានចេតនាទុច្ចរិត, បំណងបំពុលសង្គម, និងចោទប្រកាន់គេឯងគ្មានភស្តុតាងពីបញ្ហាផ្សេងៗនៅក្នុងសង្គមនោះឡើយ ជាពិសេសបញ្ហាការិយាធិបតេយ្យ និងអំពើពុករលួយក្នុងការផ្តល់សេវាសាធារណៈរបស់រដ្ឋ ព្រមទាំងឥរិយាបថមិនប្រក្រតីរបស់មន្រ្តី និងប្រជាពលរដ្ឋក្នុងការអនុវត្ត និងគោរពច្បាប់។ បន្ថែមពីលើនេះ ប្រជាពលរដ្ឋខ្លួនឯង បើទោះអ្នកប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេៗទៀត ឬក៏មិនប្រើប្រាស់ក៏ដោយ គឺត្រូវចូលរួមលើកទឹកចិត្ត និងប្រកាន់ឥរិយាបថប្រកបដោយសីលធម៌ចំពោះមន្រ្តីផ្តល់សេវាសាធារណៈរបស់រដ្ឋ ព្រមទាំងចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសេចក្តីថ្លៃថ្នូរ, សុខដុមរមនា, និងភាពសុខសាន្តក្នុងសង្គមជាតិ។

បន្ថែមពីលើនេះ គឺមិនត្រូវឆាប់ជឿ និងឆាប់ខឹងទទឹងទិស នៅពេលឃើញសារមិនល្អពាក់ព័ន្ធនឹងខ្លួនឯង, គ្រួសារ និងមិត្តភក្តិរបស់ខ្លួននៅលើទំព័រ ហ្វេសប៊ុក នោះទេ ព្រោះថា ព័ត៌មានក្លែងក្លាយរបស់ក្រុមបំពុលសង្គម បាននិងកំពុងវាយលុកក្នុង ហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមនានា។ មុនឆ្លើយតប ត្រូវពិគ្រោះយោបល់ និងគិតគូរពិចារណាឱ្យបានល្អិតល្អន់ ដើម្បីចៀសវាងការខាតបង់ណាមួយ ដូចជាចាញ់បោកគេ ខាតបង់ទ្រព្យសម្បត្តិ ខាតបង់ប្រយោជន៍ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ចទៀត។

* សម្រាប់អ្នកសារព័ត៌មានអាជីព

ដោយខ្លួនមានតួនាទីដ៏សំខាន់នៅក្នុងការផ្សព្វផ្សាយដំណឹងនិងព័ត៌មានផ្សេងៗជូនមហាជនបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា អ្នកសារព័ត៌មានត្រូវជួយបង្កើនការយល់ដឹងពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ តាមរយៈអត្ថបទគ្រប់ទម្រង់របស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈ។ ត្រូវបង្កើតព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលមានតាមលើទំព័រហ្វេសប៊ុក និងបណ្តាញសង្គមផ្សេងៗទៀត ហើយជួយបញ្ជ្រាបពីសីលធម៌ និងច្បាប់ជូនមហាជន ដើម្បីឱ្យប្រទេសមាននីតិរដ្ឋ កាត់បន្ថយអំពើអសកម្ម នៅក្នុងសង្គមឱ្យបានជាអតិបរមា។

* សម្រាប់មន្រ្តីអង្គការសង្គមស៊ីវិលជាតិនិងបរទេស និងអ្នកចលនាសង្គម

ត្រូវចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋឱ្យប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយសង្គមផ្សេៗទៀត ហើយប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីទាញប្រយោជន៍ឱ្យសង្គមគ្រួសារ និងសង្គមជាតិ។ ដោយសហការជាមួយបណ្តាញ និងដៃគូពាក់ព័ន្ធរបស់ខ្លួន ព្រមទាំងស្ថាប័នរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ត្រូវជួយបញ្ជ្រាបពីបញ្ហាគ្រោះថ្នាក់ដោយសារព័ត៌មានមិនពិត, ក្លែងក្លាយ, ក្លែងបន្លំ, និងបំភ្លៃជាដើម ដល់ក្រុមគោលដៅរបស់ខ្លួន ដើម្បីជួយទប់ស្កាត់ការឆាប់ជឿ, ឆាប់ខឹង, និងឆាប់ប្រតិកម្មតប ដោយមិនបានគិតគូរហ្មត់ចត់។ ត្រូវជួយបញ្ជ្រាបពីសីលធម៌ និងក្រមសីលធម៌ រួមទាំងមាត្រាច្បាប់មួយចំនួនដល់ក្រុមគោលដៅ ក៏ដូចជាមហាជនទូទៅ និយាយដោយឡែក អ្នកប្រើប្រាស់ហ្វេសប៊ុក និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងទៀត ចំពោះការឆ្លើយតបសារ នៅលើបណ្តាញផ្សព្វផ្សាយសង្គមទាំងនោះ។

ទន្ទឹមនឹងនោះ មន្រ្តីអង្គការសង្គមស៊ីវិលទាំងជាតិ និងបរទេស រួមទាំងអ្នកចលនាសង្គមនានា ក៏ត្រូវប្រកាន់យកសីលធម៌បុគ្គល និងក្រមសីលធម៌ វិជ្ជាជីវៈរបស់ស្ថាប័នខ្លួន ព្រមទាំងគោរពច្បាប់របស់ប្រទេសដែលខ្លួនកំពុងរស់នៅ និងធ្វើការផងដែរ។ ការធ្វើសេចក្តីរាយការណ៍ និងរបាយការណ៍ពីបញ្ហាផ្សេងៗនៅក្នុងសង្គម និយាយដោយឡែកពីការផ្តល់សេវាសាធារណៈរបស់រដ្ឋ និងការអនុវត្តច្បាប់ ត្រូវមានសុចរិតភាព ដោយត្រូវប្រាសចាកពីការបំភ្លៃ បំប៉ោង និងបំផ្លាញកិត្តិយសប្រទេសជាតិមួយ ដើម្បីបានជំនួយពីបរទេសមកបន្តការងាររបស់ខ្លួនឡើយ៕