(ព្រៃវែង)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសទុករយៈពេល២ខែ ដើម្បីឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ ក្នុងខេត្តព្រៃវែង ដែលមានចំណាត់ថ្នាក់ខ្សោយ ក្នុងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព កែប្រែឥរិយាបទ និងបែបបទធ្វើការ បើមិនដូច្នេះទេនឹងមានការផ្លាស់ប្តូរតំណែង នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១២ ខែសីហានេះ។
ការព្រមានរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញក្នុងពិធីសំណេះសំណាល ជាមួយកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្តព្រៃវែង នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។
នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ ដែលខ្សោយទី១.ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិលក្រៅ, ទី២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីសាញ់, ទី៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លា, ទី៤.ប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរទ្រេត, ទី៥.ប៉ុស្តិ៍នគរបាលរដ្ឋបាលកញ្រ្ជៀច, ទី៦.ប៉ុស្តិ៍នគរបាលរដ្ឋបាលស្មោងខាងត្បូង និងទី៧.ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សឹង្ហ។
នាយឧត្តមសេនីយ៍បន្តថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ៧ដែលខ្សោយ ទី១.ការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.កម្មវិធីការងារអត់ច្បាស់លាស់, ទី៣.ការឆ្លើយតបជាមួយប្រជាពលរដ្ឋមានភាពយឺតយ៉ាវ។
នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បន្តទៀតថា ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៧ដែលខ្សោយត្រូវរុញពីខ្សោយឲ្យឡើងទៅមធ្យម ទី១.ពង្រឹងការអនុត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព, ទី២.ត្រូវមានកម្មវិធីការងារច្បាស់លាស់, ទី៣.ប្តូរឥរិយាបទទំនាក់ទំនងឆ្លើយតបជាមួយប្រជាពលរដ្ឋ, ទី៤.ពង្រឹងជំនាញនគរបាលប៉ុស្តិ៍។
សូមបញ្ជាក់ថា ទូទាំងខេត្តព្រៃវែងប៉ុស្តិ៍នគរបាលរដ្ឋបាលមានចំនួន ១១៦ប៉ុស្តិ៍ ក្នុងនោះប៉ុស្តិ៍មានចំណាត់ថ្នាក់ល្អមានចំនួន ៥៧ប៉ុស្តិ៍ ប៉ុស្តិ៍មធ្យមមានចំនួន ៥២ប៉ុស្តិ៍ និងប៉ុស្តិ៍ដែលខ្សោយមានចំនួន ៧ប៉ុស្តិ៍៕