(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្មាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយគបៃតង» និងទិវាពិភពលោកស្អាតលើកទី៦ (The 6th World Cleanup Day) ឆ្នាំ២០២៣ ដែលពិធីនេះរៀបចំធ្វើឡើងនៅមុខទីធ្លាបរិវេណសាលាខេត្តព្រះវិហារ។

ពិធីនេះស្ថិតក្រោមវត្តមានលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋសង្កាត់កំពង់ប្រណាក សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានឡើងអានសារលិខិតទាំងស្រុង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ជូនដល់អង្គពិធីទាំងមូលបានស្តាប់ ដើម្បីយកទៅអនុវត្តក្នុងទិសដៅលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារ ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ថែមទៀត ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។

ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» អ្នកចូលរួមនៅក្នុងពិធីនេះទាំងអស់ត្រូវបានបែងចែកក្រុម ដើរសម្អាតអនាម័យក្នុងក្រុងតាមគោលដៅ ដែលបានរៀបចំចំនួន៣ក្រុមរួមមាន៖

*ក្រុមទី១ចាប់ផ្ដើមពីមុខសាលាខេត្តព្រះវិហារ ឆ្ពោះទៅទិសខាងលិច រហូតដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម។
*ក្រុមទី២ ចាប់ផ្ដើមពីមុខសាលាខេត្តព្រះវិហារ ឆ្ពោះទៅទិសខាងកើត រហូតដល់វិមានឯករាជ្យ
*ក្រុមទី៣ ចាប់ផ្ដើមពីកែងមន្ទីរសង្គមកិច្ច ឆ្ពោះទៅទិសខាងត្បូង តាមបណ្ដោយផ្លូវកោះកែរ រហូតដល់ធនាគារកាណាឌីយ៉ា៕