(បាត់ដំបង)៖ របាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០១៦នេះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបន្សល់ពីសម័យសង្រ្គាម បានសម្លាប់ប្រជាពលរដ្ឋខ្មែរ ២៣នាក់ ហើយ ៣៦នាក់ផ្សេងទៀត បានរងរបួស និង ធ្លាក់ខ្លួនពិការ។ ដើម្បីទប់ស្កាត់ និងបញ្ចៀសនូវគ្រោះថ្នាក់បង្កដោយសារមីន និង គ្រាប់មិនទាន់ផ្ទុះនេះ អាជ្ញាធរបានជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់បង្កើនការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយថែមទៀត ពីផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ជូនប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេសនៅតំបន់ងាយរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសម័យសង្រ្គាម។
របាយការណ៍អាជ្ញាធរមីន បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែកក្កដា ឧប្បត្តិហេតុផ្ទុះមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានកើតឡើងទូទាំងប្រទេសចំនួន ៥០ករណី ក្នុងនោះផ្ទុះមីនតោន ១២ករណី ផ្ទុះមីនប្រឆាំងមនុស្ស ១៦ករណី និងផ្ទុះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ២២ករណី។ ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ របួស និងពិការហើយ ឧប្បត្តិហេតុផ្ទះមីន និងគ្រាប់បន្សល់ពីសម័យសង្រ្គាមនេះបណ្តាលឲ្យមានការខូចខាតគ្រឿងចក្រ និងសម្លាប់សត្វពាហនៈមួយចំនួនផងដែរ។
របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមជនរងគ្រោះដោយសារមីនប្រឆាំងមនុស្សចំនួន ១៤នាក់ មីនតោន ចំនួន ១២នាក់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ៣៣នាក់។ តែទោះបីជាយ៉ាងណា ឧប្បត្តិហេតុបង្កឡើងដោយសារមីននេះ មានការថយចុះ ២១ភាគ រយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ដែលមានអ្នករងគ្រោះរហូតដល់ ៧៥នាក់។
ឆ្លើយតបនឹងការបន្តយាយីដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះលើជីវិត និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរនេះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅទីរួមខេត្តបាត់ដំបង អគ្គលេខាធិការដ្ឋានអាជ្ញាធរមី រួមនិងក្រុមការងារបច្ចេកទេស បានបើកកិច្ចប្រជុំរួមគ្នាមួយពិភាក្សាទៅលើការអប់រំគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពលោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន ហើយត្រូវបានបិទវិញក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមិណ និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ប្រតិបត្តិករអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាម។
កិច្ចប្រជុំ ក៏បានពិនិត្យការអនុវត្តការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ស្វែងយល់ពីបញ្ហាប្រឈម រួមគ្នារកដំណោះស្រាយ និងរៀបចំផែនការសកម្មភាពការងារអប់រំគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទះពីសង្គ្រាម ២០១៧-២០១៩។
ក្នុងពិធីបិទកិច្ចពិភាក្សានេះ លោកទេសរដ្ឋមន្រ្តី សេរី កុសល បានជំរុញឲ្យក្រុមប្រតិបត្តិករទាំងអស់ សហការជាមួយនាយកដ្ឋានទំនាក់ទំនងសាធារណៈអាជ្ញាធរមីន ធ្វើសកម្មភាពដូចភ្លៀងរលឹមក្នុងការងារផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដល់មូលដ្ឋានទូទាំងប្រទេស ជាពិសេសតំបន់ងាយរងគ្រោះ និងផលិតជាវីដេអូអប់រំ ដើម្បីពញ្ញាក់ប្រជាពលរដ្ឋជាប្រចាំអំពីគ្រោះថ្នាក់គ្រាប់ទាំងនោះ ដែលអាចកើតឡើងគ្រប់ពេលប្រសិនមានការធ្វេសប្រហែស។
លោកទេសរដ្ឋមន្រ្តី ក៏បានជំរុញឲ្យក្រុមការងារបច្ចេកទេសពន្លឿនការរៀបចំផែនការយុទ្ធសាស្រ្តសកម្មភាពផ្សព្វផ្សាយរយៈពេល៣ឆ្នាំ ២០១៧-២០១៩ ឲ្យបានមុនកិច្ចប្រជុំលើកទី១៥ រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលត្រូវធ្វើឡើងនៅប្រទេសឈីលី ក្នុងខែវិច្ឆិកាខាងមុខ ដើម្បីក្រុមប្រតិភូប្រើប្រាស់ជាឯកសារគោលក្នុងការស្វែងរកជំនួយបន្ថែមលើវិស័យនេះ៕