(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅឃុំចំនួន២ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ មានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងធ្វើការស្តារប្រឡាយមួយ មានប្រវែងជាង៩គីឡូម៉ែត្រ ដើម្បីងាយស្រួលដល់ការបង្កើនផលិតផលស្រូវជូនពួកគាត់ សំដៅសម្រេចនូវការនាំចេញអង្ករទៅទៅប្រទេស ឲ្យបាន១លានតោន។
ដំណឹងពិសេសខាងលើត្រូវលើកបង្ហាញដោយលោក យិនងួន កូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគ្រប់គ្រងគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករថ្នាក់ជាតិ ប្រាប់ដល់ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ មកពីឃុំចំនួន២ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
ការចុះផ្សព្វផ្សាយនេះ ក៏មានការចូលរួមពីលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំផងដែរ។ លោក គង់ វិមាន បានលើកឡើងថា កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ បានធ្វើការស្តារប្រឡាយឈូកខ្សាច់មានប្រវែង៩,២០០ម៉ែត្រ ដែលហូរកាត់ភូមិចំនួន៥ ក្នុងឃុំឈូកខ្សាច់ និងឃុំបារាយណ៍ សម្រាប់ស្រោចស្រពផ្ទៃដីចំនួន១,៦៥០ហិចតា ដោយប្រើថវិកាកម្ចីពីធនាគារអភវឌ្ឍន៍អាស៊ី (ADB) អស់ចំនួនជិត១លានដុល្លារអាមេរិក និងត្រូវដាក់ឱ្យដេញថ្លៃសាងសង់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខ។
លោកអភិបាលរងខេត្ត បានបន្ថែមថា គម្រោងស្ដារនេះមានរយៈពេល៩ខែ ដោយចាប់ផ្ដើមសាងសង់ ចាប់ពីខែធ្នូ ឆ្នាំ២០១៦ ដល់ចុងខែសីហា ឆ្នាំ២០១៧ ក្នុងនោះមានដាក់ឡូប្រអប់ចំនួន៣កន្លែង, សំណង់ស្ទាក់ទឹក៥កន្លែង, សំណង់ឡូមូល១កន្លែង, សំណង់ចែកចាយទឹក១៩កន្លែង, សំណង់ស្ពាន១កន្លែង, សំណង់ស្ពានផ្លូវរទះ១២កន្លែង, និងសំណង់ថ្មីរៀបការពារជើងទេរ២កន្លែង។ លោកអភិបាលរខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយចូលរួមសហការជាមួយក្រុមការងារសាងសង់ ចាប់ពីពេលចាប់ផ្តើមរហូតដល់ចប់គម្រោងសាងសង់ ដើម្បីឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូន និងមានគុណភាព ហើយត្រូវជួយថែរក្សាការពារសមិទ្ធផលនេះ ឲ្យបាយូរអង្វែងផងដែរ៕