(ភ្នំពេញ)៖ ​ឥណ្ឌារំពឹងថា ក្នុងនីតិកាលថ្មីនេះរបស់រាជរដ្ឋាភិបាលកម្ពុជា, កម្ពុជា-ឥណ្ឌា នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា​ ​ដោយបង្កើតឱ្យមានយន្តការសម្របសម្រួល ដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ តាមរយ:កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយ:ជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា ដែលរដ្ឋាភិបាលឥណ្ឌាគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ និងការតភ្ជាប់វិស័យឌីជីថលជាដើម ។

​ភាគីកម្ពុជា និងឥណ្ឌា រំពឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ជាមួយលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា នា​ថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣​ ​ដែលបានពិភាក្សាអំពីវិស័យជាអាទិភាពក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ឥណ្ឌា ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

​អគ្គបណ្ឌិតសភាចារ្យ ​បានសម្តែងក្តីរីករាយ និងគាំទ្រកិច្ចសហប្រតិបត្តិការ របស់រដ្ឋាភិបាលឥណ្ឌា ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មទ្វេភាគី សំដៅផ្តល់ប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា-ឥណ្ឌា និងគាំទ្រចំពោះការបង្កើតឱ្យមានជើងហោះហើរត្រង់មកប្រទេសកម្ពុជា ដែលនឹងជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជនជន និងលំហូរទេសចរណ៍រវាងប្រទេសទាំងពីរ។

​អគ្គបណ្ឌិតសភាចារ្យបន្តថា ភាគីទាំងពីរនឹងពិនិត្យរួមគ្នាលើការតភ្ជាប់វិស័យឌីជីថល ដែលជាវិស័យអាទិភាពមួយក្រោមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា សំដៅបន្តអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព។

​អគ្គបណ្ឌិតសភាចារ្យ ​បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល​ឥណ្ឌា ដែលបានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងជួយគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប្រជាជនកម្ពុជា។ ​

​អគ្គបណ្ឌិតសភាចារ្យ ​សង្ឃឹម និងជឿជាក់ថា ភាគីទាំងពីរនឹងបន្តជំរុញចំណងមិត្តភាពនេះ ឱ្យកាន់តែទទួលបាននូវផ្លែផ្កាបន្ថែមទៀត តាមរយ:ការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាព ដើម្បីធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាប្រកបដោយចីរភាព ។

លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា បានថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលកន្លងមករវាង កម្ពុជា-ឥណ្ឌា និងបានអបអរសាទរចំពោះអគ្គបណ្ឌិតសភាចារ្យ ដែលទទួលបានការទុកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា​៕