(កណ្ដាល)៖ ក្រោយមានការបង្ហោះព័ត៌មានលើបណ្ដាញសង្គមរបស់ឈ្មោះ សុខនី មហាគ្រួសារីករាយ ធំធំ ករណីខូចផ្លូវ នាពេលកន្លងទៅ នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រួចមក, អាជ្ញាធរបានកោះហៅអ្នកបង្ហោះមកអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យចូលរួមបដិភាគជួសជុលផ្លូវ និងថែទាំផ្លូវ ដោយសារតែបុគ្គលរូបនេះ មានឡានបែនធំៗបើកលើផ្លូវនេះបណ្តាលឲ្យខូច។

លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអះអាងថា មេឃុំបែកចានបានធ្វើរបាយការណ៍ថា ផ្លូវនេះរងការខូចខាតប្រវែងជាង ២០០ម៉ែត្រ ហើយអ្នកបង្ហោះនេះ មានឡានបែនធំធំៗ និងឡានដឹកមាន់ផ្សេងទៀត បើកចេញ-ចូលផ្លូវនេះ ដែលបណ្ដាលឲ្យផ្លូវរងការខូចខាត។

លោកអភិបាលស្រុក បានថ្លែងថា អាជ្ញាធរតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋ ពិសេសតែងតែដោះស្រាយរាល់បញ្ហាដែលពលរដ្ឋស្នើរមកកាន់អាជ្ញាធរ៕