(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល គ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកក្កដា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងវត្តមាន ចូលរួមរបស់ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធាន-អនុប្រធាននាយកដ្ឋាន លោកប្រធាន សាខាពន្ធដារខេត្ត-ខណ្ឌទាំងអស់ ក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ។
ជាកិច្ចចាប់ផ្តើម លោក គង់ វិបុល ប្រធានអង្គប្រជុំ បានសម្តែងនូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន អគ្គនាយករង លោក-លោកស្រី មន្ត្រីរាជការពន្ធដារទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំ និងសូមសម្តែងនូវការអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ប្រមូលចំណូលពន្ធ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ក្នុងខែកក្កដា ឆ្នាំ២០១៦ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥០៣ ៩២៣.១២ លានរៀល (ប្រមាណ ១២៥.៩៨លានដុល្លារ)។ សម្រាប់រយៈពេល០៧ខែ ឆ្នាំ២០១៦ ប្រមូលចំណូលពន្ធ-អាករសរុបបានចំនួន ៣ ៨១៩ ៩៨៩,៧៤ លានរៀល (ប្រមាណជា៩៥៥លានដុល្លារ) ស្មើនឹង៦៧.១៨%នៃគោលដៅកំណត់ដោយច្បាប់។ ប្រសិនបើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០១៥ ឃើញថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សម្រាប់រយៈពេល០៧ខែ ឆ្នាំ២០១៦ កើនឡើងចំនួន ៦០៧ ៥៨៥,១៤ លានរៀល (ប្រមាណជា ១៥១.៩០លានដុល្លារ) ពោលគឺកើនឡើង១៨.៩១%។
អគ្គនាយកដ្ឋានពន្ធដារ សង្កេតឃើញថា មានការកើនឡើងផងដែរ នូវចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា ៖ ពន្ធលើប្រាក់ចំណេញកើនឡើង ២៤.៨%, ពន្ធលើប្រាក់បៀវត្សកើនឡើង២៥.៩%, អាករលើតម្លៃបន្ថែមកើនឡើង ២៣.៤%, និងអាករពិសេសកើនឡើង២០.៨%។ ចំណែកឯចំណូលពន្ធ-អាករ តាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរគ្រប់ប្រភេទអាជីវកម្ម ផងដែរ។
លោក គង់ វិបុល បានណែនាំដល់អង្គភាពពន្ធដារ ក្រោមឱវាទទាំងអស់ អគ្គនាយកដ្ឋានពន្ធដារ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការប្រមូលចំណូលពន្ធ និងខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ផ្អែកទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ធ្វើយ៉ាងណាឲ្យអ្នកជាប់ពន្ធសប្បាយចិត្ត មិនសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អក្នុងការបង់ពន្ធជូនរដ្ឋ៕