(ភ្នំពេញ)៖ ធនាគារ ហត្ថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីព័ត៌មានមួយ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋ ប្រមាណ ១០គ្រួសាររស់នៅឃុំព្រែកអំបិល ស្រុកស្អាង ដែលរងគ្រោះដោយការឆបោកពីឈ្មោះ រុន តារា ជាអតីតបុគ្គលិករបស់ខ្លួននោះ មិនជាប់ពាក់ព័ន្ធជាមួយធនាគារទេ។

សេចក្តីបំភ្លឺរបស់ធនាគារ ហត្ថា បានបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ ធនាគារ ហត្ថា បានទទួលព័ត៌មានដែលបានផ្សាយថា ប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលកំពុងរស់នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ទទួលរងគ្រោះដោយការឆបោករបស់បុគ្គលម្នាក់ ឈ្មោះ រុន តារា ដែលជាអតីតបុគ្គលិករបស់ធនាគារ ហត្ថា តាមរយៈការគៀងគរឱ្យប្រជាពលរដ្ឋដាក់ប្រាក់វិនិយោគជាមួយខ្លួន ដោយផ្តល់ផលចំណេញត្រឡប់ ១០% នៃទឹកប្រាក់សរុប ដែលជនរងគ្រោះបានដាក់វិនិយោគជាមួយខ្លួន។

ក្នុងករណីនេះ ធនាគារ ហត្ថា សូមធ្វើការបំភ្លឺ និងបញ្ជាក់ថា ធនាគារ ហត្ថា បានបញ្ឈប់ការងារបុគ្គល រុន តារា ជាយូរមកហើយ ដោយសារបុគ្គលរូបនេះ បានប្រព្រឹត្តិកំហុសធ្ងន់ធ្ងរផ្ទុយពីនីតិវិធី និងគោលការណ៍របស់ធនាគារ។ មុន និងភ្លាមៗក្រោយពីការបញ្ឈប់អតីតបុគ្គលិករូបនេះ ក្រុមការងារ ធនាគារ ហត្ថា បានចុះជួប ជាមួយអតិថិជនដែលបុគ្គលរូបនេះ ធ្លាប់ធ្វើការជាមួយទាំងអស់ ដើម្បីធ្វើការបញ្ជាក់ និងស្វែងរកថា តើមាន អតិថិជនណាខ្លះពាក់ព័ន្ធនឹងបុគ្គលរូបនេះ។ ជាលទ្ធផល អតិថិជនទាំងអស់បានអះអាងថា ពួកគាត់មិនមានពាក់ព័ន្ធនឹងបុគ្គលរូបនេះឡើយ។ ដូច្នេះ ករណីនេះសបញ្ជាក់ឱ្យឃើញថា រឿងរ៉ាវនេះមិនមានពាក់ព័ន្ធជាមួយនឹងធនាគារ ហត្ថា នោះទេ។

ធនាគារ ហត្ថា សូបបញ្ជាក់ថា ករណីខាងលើនេះ គឺជារឿងបុគ្គលសុទ្ធសាធ ដែលវាលើសពីដែនសមត្ថកិច្ចរបស់ធនាគារ ហត្ថា ហើយមានតែអាជ្ញាធរមានសមត្ថកិច្ចប៉ុណ្ណោះ ដែលអាចធ្វើការដោះស្រាយរឿងរ៉ាវខាងលើនេះ ជូនជនរងគ្រោះបាន។

ធនាគារ ហត្ថា នឹងចូលរួមសហការយ៉ាងពេញទំហឹង ដើម្បីគាំទ្រដល់អាជ្ញាធរមាន សមត្ថកិច្ចក្នុងការតាមដាន និងស៊ើបអង្កេតបញ្ហានេះជូនជនរងគ្រោះ។

កន្លងមកធនាគារ ហត្ថា ប្រកាន់ខ្ជាប់ជានិច្ចនូវវិជ្ជាជីវៈក្នុងការធ្វើអាជីវកម្ម និងជាគ្រឹះស្ថានដែលបម្រើសេវាហិរញ្ញវត្ថុ ប្រកបដោយភាពកក់ក្ដៅ តម្លាភាព និងសុក្រឹតភាព ដើម្បីការរីកចម្រើនរបស់សាធារណជនទូទៅ។

ជាមួយគ្នានេះ ធនាគារ ហត្ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជន និងសាធារណជនទាំងអស់ដែលតែងត គាំទ្រ និងបន្តការគាំទ្រសេវាកម្មរបស់ ធនាគារ ហត្ថា កន្លងមក និងតទៅអនាគត៕