(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋរស់នៅម្តុំមុខរោងចក្រដំណាប់ស្វាយ និងរោងចក្រផលិតមី ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ក្នុងភូមិតាំងស្រ៊ឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើសុំអាជ្ញាធរពាក់ព័ន្ធដោះស្រាយ ក្រោយមានឡានដឹកកាកសំណល់ និងសំរាម មកចាក់ចោលពាសវាលពាសកាល ដែលបានជះក្លិនស្អុយទ្រាំមិនបាន ធ្វើឱ្យប៉ះពាលចំពោះសុខភាព អ្នករស់ក្បែរៗនោះជាច្រើនគ្រួសារ។

ប្រជាពលរដ្ឋ បានឱ្យដឹងថា ពួកគាត់ស្នើឱ្យអាជ្ញាធរ ក៏ជាជំនាញពាក់ព័ន្ធជាពិសេសមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មេត្តាដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់ និងប្រាប់អ្នកបើកឡានកុំឱ្យមានការចោលសំរាមស្អុយពាសវាលពាសកាល ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងប៉ះពាលដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្តែងប្រជាពលរដ្ឋ បានរង់ចាំថតសកម្មកម្មករ យកសំរាមមកបោះចោលតាមចញ្ចើមផ្លូវ នៅចន្លោះគីឡូម៉ែត្រលេខ២៩-៣០ ក្នុងភូមិ ឃុំខាងលើផងដែរ ធ្វើឱ្យមានក្លិនស្អុយ មកលើប្រជាពលរដ្ឋរស់នៅតំបន់នោះមិនអាចទ្រាំបាន។

ប្រជាពលរដ្ឋទទូចឱ្យមន្ទីរបរិស្ថាន អាជ្ញាធរភូមិ-ឃុំ-ស្រុក ជួយដោះស្រាយកុំឱ្យមានចោលសំរាមដូចនេះទៀត។ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ ប្រធានមន្ទីរបរិស្ថាន បានចាត់បញ្ជូនអនុប្រធានមន្ទីរម្នាក់ រួមជាមួយមន្រ្តីជំនាញរបស់ស្រុកចុះទៅពិនិត្យ នៅកន្លែងចាក់សំរាមនោះ ដើម្បីមានវិធានការបន្តទៀត៕