(ស្វាយរៀង)៖ លោក ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៣ បានដឹកនាំប្រតិភូពាក់ពន្ធ័មកពីខេត្តចំនួន៣ គឺខេត្តក្រចេះ ព្រះវិហារ និងខេត្តរតនគីរី ដើម្បីទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍មកកាន់ខេត្តស្វាយរៀង ដែលជាខេត្តទី១ សម្រេចបាន (ODF) ក្នុងការពន្លឿនស្ថានភាពបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (DOF)។

ពិធីនេះក៏មានការចូលរួមពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារបច្ចេកទេស PWG-RWSSH តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងមន្ត្រីជំនាញ,លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ តំណាង PWG-RWSSH ថ្នាក់ខេត្ត និង DWG-RWSSH ខេត្តទាំង៣ផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា កត្តាជោគជ័យដែលនាំឱ្យខេត្តស្វាយរៀង សម្រេចបាន ODF មាន៣សំខាន់ៗរួមមាន៖

ទី១៖ កត្តាស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រខេត្តស្វាយរៀង។

ទី២៖ កត្តាចូលរួមទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ភូមិ បានចាត់ទុកការងារផ្គត់ផ្គង់ទឹក ការសម្ងួត និងអនាម័យជនបទ ជាការងាររួមទាំងអស់គ្នាដែលត្រូវទទួលខុសត្រូវ។
ទី៣៖ កត្តាចូលរួមរបស់ប្រជាជន ដោយផ្អែកលើការយល់ដឹងរបស់ប្រជាជន តាមរយៈក្រុមការងារចុះអប់រំ ផ្សព្វផ្សាយ ការប្រែប្រួលកម្រិតជីវភាពប្រជាជន និងការបង្កើតឱ្យមានការងារធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសផងដែរ។

លោកបានបន្តថា សុខចិត្តឱ្យប្រជាជនចាប់យកទម្លាប់អនាម័យល្អ ទោះបីជាបង្គន់អនាម័យពុំទាន់ទំនើបស៊ីវិល័យ ប្រសើរ ជាងទុកឱ្យពួកគាត់ប្រើទម្លាប់អាក្រក់ បន្តបត់ជើងពាសវាលពាសកាលដោយរង់ចាំពេលមានលទ្ធភាព ទើបធ្វើបង្គន់អនាម័យទំនើបល្អ (វិឡាបង្គន់)នោះឡើយ។

លោក ជាម ហុីម បានថ្លែងថា ក្នុងរយៈពេលជាង៤០ឆ្នាំនេះ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណត បានកសាងធនធានមនុស្សជាច្រើនសន្ធឹកសន្ធាប់ លើគ្រប់វិស័យទាំងអស់ ក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានសង្កេតឃើញថា មានភាពប្រែប្រួល វិជ្ជមានជាច្រើនវិស័យ ដែលវិស័យទាំងនោះក៏មានវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ 

លោកបានបន្ថែមថា ជាមួយគ្នានេះមានខេត្តមួយចំនួនបានសម្រេចនូវស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួចហើយ រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប ហើយនាពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ ក៏បានកំពុងរៀបចំ ឯកសារផ្ទៀងផ្ទាត់ ODF ខណ្ឌទាំង១៤ ផងដែរ។ 

លោកបានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ ស្ថានភាពអត្រាគ្របដណ្ដប់អនាម័យ និងស្ថានភាព ODF សម្រេចបានលទ្ធផលដូចខាក្រោម៖អត្រាគ្របដណ្តប់អនាម័យ ៤៦ % (ដោយឡែក ទឹកស្អាត ៨០,៧% ) អត្រាគ្របដណ្តប់អនាម័យប្រកបដោយសុវត្ថិភាព (SMS) ៣៥% ODF ខេត្ត ៦ខេត្ត (៧ទាំងរាជធានីកំពុងរៀបចំឯកសារ ODF) ODF ស្រុក៧៤ស្រុក។ ចំណែក ODF ឃុំ៧៨៩ ឃុំ,ODF ភូមិ ៨, ៣១៥ភូមិ, ខ្នងផ្ទះមិនទាន់សង់បង្គន់ប្រមាណ ៤៧ម៉ឺនខ្នងទៀត មានភូមិ ឃុំ ស្រុក ខេត្ត ជាច្រើនទៀតស្ថានភាពកៀកទៅនឹង ODF (A Waiting ODF)។

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចសិក្សាមកកាន់ខេត្តស្វាយរៀង នាថ្ងៃនេះ ជាឱកាសដ៏មានសារៈសំខាន់សម្រាប់លោកលោកស្រី ក្រុមការងារ PWGs, PWG-s និង DWGs  ខេត្តក្រចេះ ព្រះវិហារ និងខេត្តរតនគិរី ដើម្បីសិក្សាដកស្រង់យកពិសោធន៍ រៀនសូត្រនូវចំណុចល្អៗដើម្បីយកទៅរៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពសម្រាប់អនុវត្តនៅតាមអង្គភាព និងអាចបន្សីជាមួយផែនការសកម្មភាពខេត្ត (PAP) លើវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ក្នុងការអនុវត្តសកម្មភាពនៅតំបន់ ភូមិសាស្ត្ររបស់ខ្លួនឱ្យមានប្រសិទ្ធភាព ឱ្យទទួលជោគជ័យសម្រេចបាន ODF តាមផែនការដែលបានគ្រោងទុករបស់ខេត្តនីមួយៗ។

ជាមួយគ្នានេះ ក្នុងនាមក្រសួងអភិវឌ្ឍន៍ជនបទលោកបានដាក់ចេញអនុសាសន៍គន្លឹះៗ មួយចំនួនដូចខាងក្រោម៖ បន្តពង្រឹងការកសាងសមត្ថភាពជំនាញ ការដឹកនាំ ការសម្របសម្រួល របស់ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។បន្តបង្កើនការផ្សព្វផ្សាយសារអនាម័យ (Sanitary Messages) ទៅដល់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល នៃខេត្តភូមិភាគឥសាន្ត។កំណត់ការតាំងចិត្តឱ្យបាននៃការសម្រេចផែនការ ODF ខេត្ត ពីសំណាក់ប្រធាន PWG-RWSSH គ្រប់ខេត្ត។ការវិភាជន៍ថវិកាពីស្ថាប័នសាម៉ីថ្នាក់ក្រោមជាតិសម្រាប់អនុវត្តកម្មវិធីទឹកស្អាតនិងអនាម័យជនបទ។

បន្តសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្នុងការលើកកម្ពស់ស្ថានភាពការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលមានការគិតគួរដល់អាហារូបត្ថម្ភ។បន្តបង្កើនកិច្ចសហការជាមួយស្ថាន/ អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូនានាក្នុងវិស័យ។ ពង្រីកវិសាលភាព ស្ថានភាព ODF ជាបន្តបន្ទាប់ទៀត។ ជំរុញការអនុវត្តអនាម័យប្រកបដោយសុវត្ថិភាព (Safely Managed Sanitation-SMS)។ បង្កើនកិច្ចសហការជាមួយវិស័យឯកជន។ ការសាងសង់បង្គន់អនាម័យរួមសាធារណៈ។ ការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្ម ខ្នាតតូច នៅតាមស្រុក ឃុំ និងបន្តពង្រឹងប្រព័ន្ធពិនិត្យតាមដានផងដែរ។

សូមបញ្ជាក់ថា ក្រុមការងារទាំង៣ខេត្ត នៅរសៀលថ្ងៃដដែលនេះផងដែរ ក៏បានចុះទៅជួបលោកស្រីមេឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ដើម្បីទទួលបានមេរៀនបទពិសោធន៍ឃុំ ODF ដោយចែកចេញជាពីរក្រុម ដោយក្រុមទី១៖ ចុះទៅភូមិត្រោក ក្រុមទី២៖ ចុះទៅភូមិជៀសឫស្សី៕