(កណ្ដាល)៖ អំពើឃាតកម្មមួយបានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅតាមបណ្ដាញសង្គម ដោយអំពើនេះឃោឃៅជាពន់ពេក ក្រោយប្ដីយកកាំបិតអារ-ក សម្លាប់ប្រពន្ធ និងកូនស្រីអាយុ២ឆ្នាំ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងផ្ទះ។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ដើមចមដែលនាំឲ្យប្ដីសម្លាប់ប្រពន្ធ និងកូនស្រីតូច ហើយបន្សល់ទុកកូនប្រុស២នាក់ទៀតឲ្យនៅតែតោលនោះ ទំនងផ្ដើមចេញពីភ្លើងប្រច័ណ្ឌ។

ជនដៃដល់ជាប្ដីដែលរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាព ត្រូវបានគេស្គាល់ឈ្មោះ ម៉ែន សំអាង អាយុ៣៦ឆ្នាំ ខណៈជនរងគ្រោះដែលស្លាប់ ទី១៖ឈ្មោះ ឃឿន ស្រីវលក្ខ័ណ អាយុ៣២ឆ្នាំ (ប្រពន្ធ) និងទី២៖ កូនស្រីអាយុ២ឆ្នាំឈ្មោះ អឿន ចន្ទសីម៉ា។

យ៉ាងណាមិញ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព និងបើកការស្រាវជ្រាវស្វែងរកជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕