(ឧត្តរមានជ័យ)៖ ការខ្វែងគំនិតគ្នាបានកើតឡើងទៀតហើយ រវាងថ្នាក់ដឹកនាំខ្មែរ និងថៃ ស្ថិតនៅច្រកជប់គគីរ-សាយតាក់គូក្នុងខេត្ត ឧត្តរមានជ័យ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ដោយផ្តើមចេញពីជនជាតិថៃមួយក្រុម ដឹកនាំដោយអភិបាលស្រុកបានគ្រួត ខេត្តសូរិន្ទ បានមកដាំកូនឈើ នៅចំងាយពីច្រកប្រមាណ១២០ម៉ែត្រ ហើយនៅពេលដែលខាងមន្រ្តីខ្មែរស្នើសុំឲ្យបញ្ឈប់ស្រាប់តែ ខាងថៃឆ្លើយថា មិនឈប់ បើចង់ឲ្យពួកគេឈប់ គឺត្រូវមានការអនុញ្ញាតពីថ្នាក់ដឹករបស់ពួកគេ។
មន្រ្តីនគរបាលខេត្តឧត្តរមានជ័យ ដែលប្រចាំការនៅច្រកជប់គគីរ-សាយតាក់គូ បានឲ្យដឹងថា «ចាប់ពីវេលាម៉ោង១២៖៣០នាទី ដល់ម៉ោង ១៖០០នាទីរសៀលថ្ងៃនេះ នៅទល់មុខច្រកទ្វារព្រំដែនជប់គគីរ-សាយតាក់គូ ភាគីថៃ ដឹកនាំដោយលោកអភិបាលស្រុក បានគ្រួត បានមកដាំកូនឈើចំនួន៥០ដើម ដែលមានចំងាយពីច្រកទ្វារព្រំដែនប្រមាណ១២០ម៉ែត្រ ដែលក្នុងករណីនេះភាគីកម្ពុជា យើងបានសុំឲ្យភាគីថៃផ្អាកការដាំកូនឈើនេះសិន តែភាគីថៃបានឆ្លើយតបថា កម្មវិធីបានកំពុងចាប់ផ្ដើម មិនអាចបញ្ឈប់បានទេ បើមានបញ្ហាអ្វីសុំឲ្យថ្នាក់លើជួបគ្នា ការដាំកូនឈើគឺខាងថៃសុំដាំសិន បើថ្នាក់លើជួបគ្នាតម្រូវឲ្យដក ខាងថៃនឹងដកចេញវិញ»។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ការខ្វែងកំនិតគ្នាក៏បានកើតឡើងផងដែរ ដោយភាគីថៃ បានស្នើឲ្យសមត្ថកិច្ចខ្មែរ នៅច្រកអូរស្មាច់ បញ្ឈប់ការសង់រោងមាន់ថ្មី រហូតមានការជួបគ្នា រវាងអភិបាលខេត្តទាំង២ដើម្បីដោះស្រាយទៀតផង។
យ៉ាងណាក៏ដោយ រហូតមកដល់ វេលាម៉ោងជាង៤រសៀលថ្ងៃនេះ គេមិនទាន់ដឹងថា មានដំណោះស្រាយដូចម្តេចនៅឡើយទេ៕