(ភ្នំពេញ)៖ វេទិកាការងារ ដែលបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹង ស.ស.យ.ក.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃម្សិលមិញនេះ បានបញ្ចប់ទៅដោយរលូនមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើចំនួនជាង ២០០នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១នាក់ បានសម្ភាសជាប់ដោយក្នុងនោះអ្នកសម្ភាសជាប់ជាស្ថាពរមានចំនួន ១២នាក់ និងអ្នកសម្ភាស ជាប់បឋមមានចំនួន ១១៩នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗ នាពេលឆាប់ៗខាងមុខ។

យុវជន គិត គឹមហេង មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានសម្ភាសការងារជាប់បឋម នៅក្រុមហ៊ុន SUMI (Cambodia) Wiring System Co., Ltd ផ្នែកគ្រប់គ្រងធនធានមនុស្ស បានលើកឡើងថា នេះជាលើកទី១ ដែលលោកបានចូលរួមក្នុងវេទិកាការងារថ្ងៃនេះ ហើយអ្វីដែលខ្ញុំនឹកស្មានមិនដល់ គឺខ្ញុំជាប់ការងារបឋមនៅក្រុមហ៊ុនដ៏ធំមួយនេះ។ យុវជន គឹម ហេង បានបន្តថា៖ «ខ្ញុំសូមអរគុណដល់ NEA ក៏ដូចជាក្រសួងការងារដែលបានផ្តល់ឱកាសការងារដល់ខ្ញុំ និងយុវជនដទៃទៀត»។ ជាមួយគ្នានេះយុវជនរូបនេះ ក៏បានអំពាវដល់បងប្អូនយុវជន និងអ្នកដែលចង់រកការងារធ្វើផ្សេងទៀត សូមយក CV មកសម្ភាសការងារនៅ NEA បាន ព្រោះ NEA មានឱកាសការងារយ៉ាងសម្បូរបែបសម្រាប់យើងទាំងអស់គ្នា។

ដូចគ្នានេះដែរ យុវជន វិន ធុន ដែលកំពុងសិក្សានៅវិទ្យាស្ថានព្រះកុសុមៈ ជំនាញអេឡិចត្រូនិចឆ្នាំទី១ បានដាក់ពាក្យសម្ភាសជាប់ជាស្ថាពរនៅផ្សាទំនើបឡាក់គី មុខតំណែង នាំអីវ៉ាន់ចេញ បានលើកឡើងថា វាពិតជាល្អ និងងាយស្រួលដែល NEA រៀបចំវេទិកាការងារនេះឡើង ព្រោះបានជួយសម្រួលដល់ អ្នកស្វែងរកការធ្វើឱ្យបានជួបជាមួយ នឹងតំណាងនិយោជកនៅនឹងកន្លែងតែម្តង។

សម្រាប់យុវជន សិស្ស/និស្សិត ដែលមិនបានចូលរួមក្នុងវេទិកាការងារក្នុងថ្ងៃនេះ សូមមកចុះឈ្មោះ ស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និង ជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។

ដើម្បីទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមទាក់ទង មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕