(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋដែលរងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ជិត១ពាន់គ្រួសារ មកពី១២ភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ បានមកទទួលស្បៀងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើ នៅ២កន្លែងផ្សេងគ្នា គឺនៅវត្តសូរិយានិងនៅមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់។

លោក ហៀម ឃួន អភិបាលរងខេត្ត និងជាសហប្រធានក្រុមការងារចុះជួយសង្កាត់រលាប បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត នូវក្តីនឹករលឹកចំពោះប្រជាពលរដ្ឋទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។ សម្តេចទាំងទ្វេរ ក៏ដូចអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដោយមិនទុកចោលប្រជាពលរដ្ឋណាម្នាក់អត់អាហារពុំបានដោះស្រាយនោះទេ។

ជាក់ស្តែងនៅក្នុងអំឡុងស្ថានភាពខេត្តពោធិ៍សាត់ ក៏ដូចបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងទទួលរងការលិចលង់ជំនន់ទឹកភ្លៀង ធ្វើឱ្យភូមិឋាន ផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធខូចខាតអស់ជាច្រើន ប្រជាពលរដ្ឋ ជួបកង្វះខាតស្បៀង និងទាមទាឱ្យការដោះស្រាយឆ្លើយតបជាបន្ទាន់។ លោកបានលើកឡើងថា ការបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ ពោលគឺកើតមានស្ទើរតែពិភពលោកទាំងមូល គ្រាន់តែតិចឬច្រើន។

ទាំងអស់នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ត្រូវបង្កើនការប្រុងប្រយត្ន័ អំពីបញ្ហាប្រឈមនៃគ្រោះធម្មជាតិ។ ជាទូទៅក្រោយពីទឹកសម្រកតែងតែជួបបញ្ហាជំងឺរាតត្បាត ហេតុនេះសូមឱ្យបងប្អូនបង្កើនការ យកចិត្តទុកដាក់ ទៅលើសុខភាព ទាំងការរស់នៅ ការហូបចុក ត្រូវមានបរិយាកាសអនាម័យស្អាតល្អ ទើបធ្វើឱ្យសុខភាពនៅក្នុងក្រុមគ្រួសារ និងសហគមន៍បានរួចផុតពីជំងឺផ្សេងៗ និងនាំមកនូវសុភមង្គលក្នុងគ្រួសារ និងសង្គមជាតិ។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋគ្រប់ៗរូប សូមគិតគូរអំពីសុវត្ថិភាព បង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើង ដោយទឹកជំនន់ គ្រោះថ្នាក់ចរាចរណ៍។ ការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក និងបន្តការដាំដុះ ចិញ្ចឹមសត្វ និងបង្កើតមុខរបរផ្សេងៗទៀតដើម្បីបង្កើនជីវភាពរស់នៅ។ បន្ទាប់មកលោករួមជាមួយក្រុមការងារបានអញ្ជើញចែកស្បៀង ជូនដល់ប្រជាពលរដ្ឋ ទាំង២កន្លែង ជិត១ពាន់គ្រួសារ ដោយក្នុងមួយគ្រួសារទទួល បានអង្ករ២៥គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី ​ហ៊ុនសែន នាពេលនោះផងដែរ៕