(កំពង់ធំ)៖ ឧត្តមសេនីយ៍ឯក ជា តារា បាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ការចុះធ្វើសវនកម្មគឺដើម្បីត្រួតពិនិត្យលើប្រព័ន្ធដឹកនាំ តាមបណ្តាផែនជំនាញនីមួយៗ វាយតម្លៃលើ ភារកិច្ចជំនាញ កែលម្អរចំណុចខ្វះខាតមួយចំនួន តាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសលើការងារគ្រប់គ្រងកម្លាំង, ការងារគ្រប់គ្រងហិរញ្ញវត្ថុ, ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការងាររដ្ឋបាលទូទៅ។

ការគូសបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ជា តារា បានធ្វើឡើងក្នុងពិធីបិទសវនកម្មផ្ទៃក្នុង ឆ្នាំ២០២២ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាពេលថ្មីៗនេះ។

ក្នុងកិច្ចប្រជុំខាងលើលោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងនគរបាលខេត្តកំពង់ធំ បានណែនាំដល់អ្នកចូលរួមសូមត្រងត្រាប់ស្ដាប់កត់ត្រានូវអនុសាសន៍បទពិសោធន៍ដ៏មានតម្លៃរបស់គណៈអធិបតីដើម្បីជាត្រីវិស័យ សម្រាប់អនុវត្តតួនាទីភារកិច្ចជំនាញជាប្រចាំថ្ងៃឱ្យសម្រេចបានជោគជ័យបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ជា តារា បានថ្លែងអំណរគុណលោកស្នងការ ព្រមទាំងអស់លោក លោកស្រីស្នងការរង តាមបណ្តាផែនជំនាញ លោកអធិការដ្ឋាននគរបាលក្រុង-ស្រុក ចូលរួមសហការល្អ ដល់ក្រុមការងារ ចុះធ្វើសវនកម្ម រយៈពេលកន្លងមកនេះ ដំណើរការទៅ យ៉ាងមានភាពរលូនរហូតបញ្ចប់ តាមការរំពឹងទុក ជាលទ្ធផលជោគជ័យល្អប្រសើរ ស្របគោលនយោបាយ របស់ក្រសួងមហាផ្ទៃ។

ជាលទ្ធផល នៃការចុះធ្វើសវនកម្ម, ឧត្តមសេនីយ៍បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ច រួមទាំងការកសាងអង្គភាព ទទួលបានជោគជ័យល្អលើបណ្ដាឆ្នាំមុនៗ៕