(ភ្នំពេញ)៖ មន្ត្រីអង្គការសង្គមស៊ីវិលប្រមាណជា ៤០នាក់ មកពីអង្គការសង្គមចំនួន២០ ទាំងអង្គការជាតិ និងអន្តរជាតិ ដែលបានរួមគ្នាបង្កើត និងអនុវត្តគម្រោងរួមគ្នាផ្តល់ឱកាស អប់រំដល់កុមារបាត់បង់ ឱកាសឲ្យបានចូលរៀននៅទូទាំងប្រទេស បានជួបជុំគ្នាកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីចែករំលែកព័ត៌ មាន និង ពិភាក្សាពីលទ្ធផល ដែលសម្រេចបានក្នុងរយៈពេលជិតពីឆ្នាំដំ បូងនៃគម្រោងផង និងរិះរកវិធីបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តគម្រោងបន្តទៅមុខទៀតផង។
តាមទិន្នន័យសរុប ដែលប្រមូលបានពីបណ្តាអង្គការ ជាអ្នកអនុវត្តគម្រោង និងដែលត្រូវបានបង្ហាញជូន ក្នុងអង្គប្រជុំរហូតមកដល់ពេលនេះ ពោលគឺប្រមាណជាពាក់កណ្តាល នៃរយៈពេល ៣ឆ្នាំ នៃគម្រោង កុមារចំនួនប្រមាណ ៤ម៉ឺននាក់ ត្រូវបានផ្តល់ឱកាសឲ្យបាន ទទួលការអប់រំលើចំនួនសរុប ៥ម៉ឺន ៧ពាន់នាក់ ដែលជាគោលដៅរបស់គម្រោង គិតរហូតដល់ចុងឆ្នាំ២០១៧។
លោក វន សំភាស់ ប្រធានអង្គការអេដ អេ អាក់ស្យុង (AEA) ដែលជាអង្គការ សម្របសម្រួលគម្រោងរួមគ្នា បានថ្លែងកោតសរសើរ ដល់ការខិតខំរបស់ បណ្តាអង្គការជាដៃគូ រហូតដល់បានទទួល ជោគជ័យជាបណ្តើរៗមកដល់ពេលនេះ បើទោះបីជាមានការលំបាក និង ការប្រឈមយ៉ាងណាក៏ដោយ។
«យើងទាំងអស់គ្នាមានការព្រួយបារម្ភច្រើន កាលពីចាប់ផ្តើមដំបូង ក៏ព្រោះតែកិច្ចការនេះមានភាពស្មុគស្មាញ ហើយត្រូវធ្វើការជាក្រុមដែលមានគ្នាច្រើន។ ទិដ្ឋភាពការងារក៏ខុសគ្នាខ្លះៗ ទៅតាមប្រភេទខុសៗគ្នា របស់កុមារផងដែរ» លោក វន សំភាស់ បានលើកឡើងក្នុងឱកាសថ្លែងស្វាគមន៍អង្គប្រជុំ។ «ក៏ប៉ុន្តែយើងអាចពុះពារបានច្រើន ថ្វីបើនៅមានចំណុចខ្លះដែល យើងត្រូវពិភាក្សាគ្នារករូបមន្តធ្វើយ៉ាងណា ឲ្យបានកាន់តែល្អ សម្រាប់គោលដៅគម្រោងផង និងដើម្បីឲ្យកុមារនៅប្រទេសយើងបាន ទទួលឱកាសអប់រំគ្រប់គ្នាផង»។ លោកសំភាស់បន្ថែម។
នាយកប្រតិបត្តិអង្គការដំណក់ទឹក លោកវេជ្ជបណ្ឌិត សម សុវណ្ណារិទ្ធ ដែលបានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកាលពីម្សិលមិញនេះ អា ស្រ័យដោយអង្គការរបស់លោក ក៏ជាដៃគូមួយក្នុងគម្រោង រួមគ្នានេះដែរ បានសម្តែងការសាទរចំពោះលទ្ធផល ក៏ដូចជាយន្តការនៃការអនុវត្តគម្រោង។
«កិច្ចប្រជុំបែបនេះពិតជាល្អមែនទែន ជាពិសេសសម្រាប់គម្រោងយើង ដែលមានដៃគូអនុវត្តរួមគ្នាច្រើន។ វាមានទាំងតម្លាភាពនិងគណនេយ្យភាព ហើយយើងអាចជជែកគ្នាបានយល់គ្នា បានល្អិតល្អន់ស្រួល ម៉្យាងគឺអាស្រ័យដោយអង្គការ តំណាងម្ចាស់មូលនិធិ ជាខ្មែរ»។ លោក សុវណ្ណារិទ្ធ បញ្ជាក់។
គួររំឮកថាកាលពីថ្ងទី២៥ ខែកក្កដា កន្លងមក រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ហង់ ជួនណារ៉ុន ដែលបានទទួលជួបជាមួយ តំណាងក្រុមអង្គការសង្គមស៊ីវិល ដែលអនុវត្តគម្រោងរួមគ្នានេះ ក៏បានសាទរផងដែរ ចំពោះលទ្ធផល ដែលគម្រោងសម្រេចបាន ព្រមទាំងបានជំរុញឲ្យមានការពិភាក្សា និង សហការគ្នាថែមទៀតរវាងក្រសួង ជាមួយដៃគូសង្គមស៊ីវិល ដើម្បីដោះស្រាយសម្រួល បញ្ហាលំបាកដែលនៅមានខ្លះៗ។
«នៅតំបន់ក្រីក្រ មានការលំបាកទាំងខាងកុមារ ទាំងខាងគ្រូ។ ដូច្នេះត្រូវសិក្សាពិចាណាមើល ថាតើត្រូវមានគោលនយោបាយដូចម្តេច។ ក៏ត្រូវពិនិត្យមើលការលើកទឹកចិត្ត ជនជាតិភាគតិចឲ្យ ធ្វើជាគ្រូបង្រៀនផងដែរ...។ សរុបមក ខ្ញុំចង់ឃើញគោលនយោបាយផ្សេងៗ ដាក់បញ្ចូលទៅក្នុង SDP(គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព) តែម្តង»។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងឱកាសនោះ។
នៅក្នុងខែកក្កដាកន្លងមកនេះដែរ គណប្រតិភូក្រសួងអប់រំ ដឹកនាំដោយលោក ពុត សាមិត្ត អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ និងមានការចូលរួមពីលោក ចាន់ សុភា ប្រធាននាយកដ្ឋានបឋមសិក្សា និងលោក ថោង ឬទ្ធី អនុប្រធាននាយកដ្ឋាន បានអញ្ជើញបំពេញទស្ស នកិច្ចពីរថ្ងៃនៅខេត្តកំពត ស្រុកឈូក តាមការអញ្ជើញរបស់អង្គការដែលអនុវត្តគម្រោង ដើម្បីសង្កេតមើលនូវបទពិសោធន៍ និងស្ថានភាពជាក់ស្តែងរបស់កុមារ ដែលបានទទួលការគាំទ្រពីគម្រោង។
គម្រោងដៃគូរួមគ្នាផ្តល់ឱកាស អប់រំដល់កុមារបាត់បង់ ឱកាសនៅកម្ពុជា ដែលផ្តល់មូលនិធិដោយកម្មវិធីអប់រំកុមារ នៃប្រទេសកាតារ (Educate A Child) តាមរយៈអង្គការអេដ អេ អាក់ស្យុង នៅកម្ពុជា រួមជាមួយនឹងថវិកាបដិភាគ របស់បណ្តាអង្គការជាដៃគូ មានគោលដៅផ្តល់ឱកាសដល់កុមារចំនួនសរុប ៥៧០០០នាក់ ក្នុងរយៈពេល៣ឆ្នាំ ឲ្យបានចូលរៀន ហើយកុមារទាំងនោះ ត្រូវបានបែងចែក ជា៥ប្រភេទគឺ៖ ១)កុមារក្រីក្រ, ២)កុមារពិការ, ៣)កុមារជនជាតិភាគតិច, ៤)កុមារអនាថា និង ៥)កុមារលើសអាយុ។ គម្រោងបានទទួលការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ហើយត្រូវបានបែងចែក ការអនុវត្តន៍ជាផ្នែកៗ ទៅតាមប្រភេទកុមារទាំងនោះ។
ក្រៅពីការបែងចែកកុមារទៅតាមប្រភេទ គម្រោងក៏មានយុទ្ធសាស្ត្រ បន្ថែមមួយចំនួន ផងដែរដើម្បីធានាជោគជ័យគម្រោងផង និងធានានិរន្តរភាពផង ដោយក្នុងនោះរួមមាន៖ ការសាងសង់សាលា ឬថ្នាក់រៀននៅកន្លែង ដែលត្រូវការចាំបាច់ ការជួយទ្រទ្រង់ផ្នែកជីវភាពគ្រួសារកុមារក្រីក្រខ្លាំង ការពង្រឹងគណកម្ម ការទ្រទ្រង់សាលា និងសហគមន៍ ការពង្រឹងសមត្ថភាពគ្រូ ការលើកទឹកចិត្ត ជនជាតិភាគតិច និងជនពិការ និងកុមារលើសអាយុជាដើម៕