(កំពង់ស្ពឺ)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពី លោកស្រី សន ម៉ារ៉ាដា សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា រួមជាមួយនឹង សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្ដល់ជូនមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាជំនុំដំណឹងល្អពោរពេញកម្ពុជា ដែលមានកុមារកំព្រាសរុបចំនួន ១៤០នាក់ បុគ្គលិក និងគ្រូ ២៥នាក់ ។
ក្នុងពេលចុះសួរសុខទុក្ខនោះដែរ លោកស្រី អគ្គលេខាធិការរងទី១ បានមានថ្លែងផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែបានផ្តល់ក្តីអាណិតអាសូរ សេចក្ដីស្រឡាញ់ មេត្តា ករុណា ចំពោះ ក្មួយៗកុមារ ដែលសុទ្ធសឹងជាទំពាំងស្នងឬស្សីដ៏សំខាន់ សម្រាប់សង្គមជាតិទៅពេលអនាគត។
ទន្ទឹមនឹងនោះដែរ លោកស្រី អគ្គលេខាធិការរងទី១ បានផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់ ត្រូវចេះស្រឡាញ់គ្នា ចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ស្តាប់ដំបូន្មានម៉ែដោះ លោកគ្រូ អ្នកគ្រូ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បងធំបងតូច និងអំពើដែលសង្គមស្អប់ខ្ពើម ជាពិសេស ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ពូកែ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ផ្សាភ្ជាប់ជាមួយនឹងក្តីអាណិតអាសូរ និងការស្រឡាញ់ដ៏ជ្រាលជ្រៅ ចំពោះ កុមារកំព្រាទាំងអស់នេះ ក្រុមការងារដែលបានចុះទៅដល់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តកំពង់ស្ពឺផ្ទាល់ បានផ្តល់អំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កុមារទាំង១៤០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល ទឹកក្រូច ១កំប៉ុង ទឹកសុទ្ធ ១ដប និងនំប៉័ង ឬនំផ្អែម ១ដើម ហើយក៏បានឧបត្ថម្ភជូនដល់ម៉ែដោះ លោកគ្រូ អ្នកគ្រូ បុគ្គលិក ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០,០០០រៀល។
ដោយឡែក ឧបត្ថម្ភសម្រាប់មណ្ឌលទាំងពីរ ដែលមណ្ឌលនីមួយៗទទួលបានថវិកា ២,០០០,០០០រៀល អង្ករ១តោន មី២០កេស ត្រីខ២កេសធំ ស្មើនឹង២០០កំប៉ុង ឃីត (សារុង ក្រមា មុង ភួយ)៥០ឃីត និងអាហារវីតាមីន ១២កេស ស្មើនឹង ៤៣២ កញ្ចប់។ សូមបញ្ជាក់ថា អាហារវីតាមីន ដែលបានផ្តល់ជូនខាងលើ ឧបត្ថម្ភដោយ សមាគមនារី នៃក្រសួងព័ត៌មាន ដែលបានផ្តល់ជូនទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ៕