(ភ្នំពេញ)៖ ក្រុមយុវជននៃចលនាខុសច្បាប់ឈ្មោះ ថុន រដ្ឋា, ឡុង គន្ធា, និងភួន កែវរស្មី ដែលជាអតីតទណ្ឌិតនៃបទល្មើសព្រហ្មទណ្ឌ រងការចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ហើយបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការលើទោសដែលនៅសេសសល់ បាននិងកំពុងបំពានបំរាមតុលាការ និងប៉ុនប៉ងចងចេញទៅក្រៅប្រទេសក្រោមលេសទទួលបានពានរង្វាន់ពីប្រទេសស៊ុយអែត ទាំងខ្លួនត្រូវស្ថិតក្នុងការហាមឃាត់។ ពួកគេកំពុងធ្វើអ្វីៗគ្រប់យ៉ាងរួមទាំងការបំពានវិធានការរដ្ឋបាល និងផ្លូវច្បាប់ដើម្បីអនុវត្តផែនការដែលបក្ខពួកគេបានរៀបចំឡើង ក្នុងនោះរួមទាំងលួចយកឈ្មោះអង្គការមាតាធម្មជាតិទៅប្រើដោយខុសច្បាប់ថែមទៀតដើម្បីផលប្រយោជន៍ខ្លួនថែមទៀត ផង រហូតដល់ប្រធានអង្គការនេះបានព្រមានជាសាធារណៈ។

ចាប់តាំងពីការចេញពីពន្ធនាគារនាខែវិច្ឆិកា ឆ្នាំ២០២១ អតីតទណ្ឌិតទាំង ៣ នាក់នេះបានបំពានបំរាមតុលាការម្តងហើយម្តងទៀត និងមិនបានកែប្រែអត្តចរិត និងឥរិយាបថឡើយ ប៉ុន្តែដោយផ្គើននឹងច្បាប់ ពួកគេបានដឹកនាំធ្វើសកម្មភាពផ្សេងៗដែលបំពាននឹងច្បាប់ និងអនុវត្តតាមផែនការជនបរទេសឈ្មោះ អាឡិច ហ្គន់សាឡេស ដាវិនសុន ជាជនជាតិអេស្ប៉ាញហើយដែលគេស្គាល់ថាជាមេបដិវត្តន៍ពណ៌មួយរូបក្នុងចំណោមមេបដិវត្តន៍នៃក្រុមប្រឆាំងជ្រុលនិយម។ ជនបរទេសរូបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមជនក្បត់ជាតិ និងធ្លាប់បានអនុវត្តផែនការបដិវត្តន៍ពណ៌កន្លងមក ហើយបច្ចុប្បន្ននេះកំពុងជាប់ជំពាក់នឹងច្បាប់ ហើយត្រូវបានបណ្តេញចេញពីកម្ពុជា មានឈ្មោះថាជាជនដែលមិនត្រូវស្វាគមន៍។

ដោយមិនរាងចាលនឹង ហើយបន្តបំពានច្បាប់, នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ម៉ោង២៖៣០រសៀល តាមផែនការដែលលេចធ្លាយ, ក្រុមយុវជននៃចលនាខុសច្បាប់ទាំងនេះដែលមានការរៀបចំដោយជនបរទេសឈ្មោះ​អាឡិច និងក្រុមអង្គការក្នុងស្រុកមួយចំនួនគ្រោងដើរដាក់ញត្តិនៅក្រសួងយុត្តិធម៌ដោយស្នើសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្ដិធម៌អនុញ្ញាត​ឱ្យពួកគេ​ទៅ​ទទួល​ពានរង្វាន់​កម្រិត​អន្តរជាតិ​នៅ​ប្រទេស​ស៊ុយអែត (Sweden) ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើ ដោយពួកគេនឹងតុបតែងខ្លួនមានជាប់ច្រវ៉ាក់នៅជើងនិងរុំដៃភ្ជាប់នឹងខ្លួនរួចដើរចេញពីមាត់ទន្លេកាត់ផ្សារកណ្តាលឆ្ពោះទៅក្រសួងយុត្តិធម៌។ ជាទម្រង់នៃការតវ៉ាដែលមានចង្អុកបង្ហាញនៅក្នុងមេរៀនបដិវត្តន៍ពណ៌ របស់ឈ្មោះ ជីន សាប «ពីរបបផ្តាច់ការទៅប្រជាធិបតេយ្យ» ដែលជាទ្រឹស្តីបដិវត្តន៍ពណ៌ដែលគេបានយកទៅប្រើប្រាស់ដើម្បីផ្តួលរំលំរបប ដឹកនាំនៅតាមបណ្តាប្រទេសនានា។

ការរៀបចំការតវ៉ាផ្សេងៗនេះច្បាស់ណាស់គឺមានការឈរនៅពីក្រោយរបស់ជនជាតិអេស្ប៉ាញឈ្មោះ អាឡិច ហ្គន់សាឡេស ដាវិនសុន ដើម្បីបង្កើតព្រឹត្តិការណ៍ឡើងក្នុងន័យទាញភ្ជាប់នឹងកម្មវិធីប្រគល់ពានរង្វាន់របស់ប្រទេសស៊ុយអែតដល់ក្រុមយុវជននៃចលនាខុសច្បាប់ទាំង ៣ នាក់ ព្រោះពួកគេបានដឹងរួចជាស្រេចទៅហើយថាយោងតាមផ្លូវច្បាប់ គឺពួកគេមិនអាចចាកចេញពីប្រទេសបានឡើយ។ ពានរង្វាន់ដែលត្រូវបានគេសង្កេតឃើញថាផ្តល់ឱ្យជនដែលគេអះអាងថាមានភាពក្លាហាន។ ប៉ុន្តែតាមពិតពួកគេក្លាហានក្រោមក្រសែភ្នែកជនបរទេស និងជាអ្នកក្លាហានក្នុងការបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា និងជាជនក្លាហានបម្រើមហិច្ឆតា និងផលប្រយោជន៍​ជនបរទេសទៅវិញទេ។ ដោយសារ​តែភាពពិសពុលរបស់ក្រុមយុវជននៃចលនាខុសច្បាប់នេះ ការអនុវត្តវិធានការច្បាប់ប្រឆាំងនឹងក្រុមយុវជននៃចលនាខុសច្បាប់នេះ គឺជាភាពចាំបាច់បំផុតដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម៕​

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០២៣