(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលជួបលោក W.PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម លោកW.PATRICK MURPHY បានអបអរសាទរចំពោះនាយឧត្តមសេនីយ៍ ស ថេត ដែលត្រូវបានតែងតាំងជាអគ្គស្នងការនគរបាលជាតិ និងបានថ្លែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ជាមួយកងកម្លាំងអគ្គស្នងការនគរបាលជាតិ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺការជួយគាំទ្រពីនគរបាលជាតិកម្ពុជា នូវរាលការស្នេីសុំកិច្ចសហការពីសហរដ្ឋអាមេរិក។

លោក W.PATRICK MURPHY ក្នុងឱកាសនោះ ក៏បានថ្លែងអំណរគុណចំពោះការធានាសន្តិសុខប្រកបដោយសុវត្ថិភាព ដែលនគរបាលជាតិកម្ពុជា បានផ្តល់ជូនស្ថានទូតរួមមានទាំងកិច្ចការពារស្ថានទូតអាមេរិក ការពារប្រតិភូ បុគ្គលិកការទូត និងនិវេសនដ្ឋានរួមទាំងពលរដ្ឋអាមេរិកដែលស្នាក់នៅកម្ពុជា ប្រកបដោយកាយវិការទន់ភ្លន់ ម៉្មតចត់ ម៉ឺងម៉ាត់ អត់ធ្មត់។ លោកក៏បានសម្ដែងការកោតសរសើរចំពោះសមិទ្ធផលរបស់ក្រុមការងារ Task Force ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយកងកម្លាំងអនុវត្តច្បាប់អាមេរិក អមស្ថានទូតប្រចាំកម្ពុជា។

ជាពិសេស លោកបានលើកឡើងពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ដែលទើបបង្កើតថ្មី ប៉ុន្តែសម្រេចបានសមិទ្ធផលរួមសហការគ្ នាក្នុងការទប់ស្កាត់ និងប្រឆាំងបទល្មើសគ្រឿងញៀនបានជាច្រើនករណីធំៗ ដែលការងារនេះមិនត្រឹមតែជួយកម្ពុជាឲ្យគេចផុតពីបទល្មើស ដោយសារតែការចរាចរជួញដូរចែកចាយគ្រឿងញៀន និងក៏ជាការជួយដល់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ការនាំចូលគ្រឿងញៀនទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ពាក់ព័ន្ធការងារសម្អាតប្រាក់វិញ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ក៏បានសម្តែងនូវការអបអរសាទរដែលប្រទេសកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ និងបានស្នើឲ្យកម្ពុជាយកចិត្តទុកដាក់ក្នុងការថែរក្សាការងារសម្អាតប្រាក់នេះ ឲ្យកាន់តែប្រសើរថែមទៀត។ ក្នុងជំនួបនោះ លោកក៏បានលើកទឹកចិត្តឲ្យនគរបាលជាតិកម្ពុជា រៀបចំចាត់តាំងមន្ត្រីដើម្បីទៅចូលរួមទទួលការបណ្តុះបណ្តាល នៅសាលាបណ្ឌិត្យសភាអាយលា (ILEA) ប្រចាំនៅទីក្រុងបាងកក ដោយនៅទីនោះជាមជ្ឈមណ្ឌលប្រកបដោយសក្តានុពល ក្នុងការបណ្តុះបណ្តាលកសាងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ គ្រប់មុខជំនាញ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណចំពោះ លោក W.PATRICK MURPHY និងបានឯកភាពគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។ នាយឧត្តមសេនីយ៍ ស ថេត រីករាយស្វាគមន៍ជាមួយកិច្ចសហការ ដែលលោកឯកអគ្គរដ្ឋទូត បានលើកឡើងឲ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលល្អបន្ថែមទៀត ដោយលើកទឹកចិត្តឲ្យកងកម្លាំងអនុវត្តច្បាប់អមស្ថានទូតអាមេរិក បន្តធ្វើការជាមួយនាយកដ្ឋានជំនាញពាក់ព័ន្ធទាំងជំនាញផ្ទាល់ រួមទាំងក្រុមការងារចម្រុះ Task Force។

នាយឧត្តមសេនីយ៍ ស ថេត បានអរគុណចំពោះភាគីអាមេរិក ដែលបានផ្តល់ការបណ្តុះបណ្តាល ហើយនគរបាលជាតិកម្ពុជា ក៏បានត្រៀមខ្លួនជានិច្ច ដើម្បីទៅចូលរួមវគ្គបណ្តុះបណ្តាល ទទួលយកបទពិសោធន៍ពីសាលាបណ្ឌិត្យសភាអាយលា (ILEA) យកមកប្រើប្រាស់ឲ្យចំមុខជំនាញ។ នាយឧត្តមសេនីយ៍ បានស្នើសុំឲ្យអាមេរិកបន្តការគាំទ្របន្ថែមទៀត ទាំងផ្នែកធនធានមនុស្ស និងជំនាញព្រមទាំងចែករំលែកព័ត៌មានសំខាន់ៗ ដែលឈានទៅដល់ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ៕