(ភ្នំពេញ)៖ លើកឡើងនៅក្នុងទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើកត្តាជីវភាព និងសុខភាពរបស់គ្រូបង្រៀន តាមរយៈការដំឡើងប្រាក់បៀវត្សរ៍ ជាមួយនឹងការផ្តល់ជាបេឡាជាតិរបបសន្តិសុខសង្គមដល់លោកគ្រូ អ្នកគ្រូ ក្នុងការថែទាំសុខភាពឱ្យបានល្អប្រសើរ។

លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ដូចនេះថា «រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា តែងតែយកចិត្តទុកដាក់ចំពោះជីវភាពនិងការរស់នៅរបស់លោកគ្រូ អ្នកគ្រូ ព្រោះយើងដឹងហើយថា លោកគ្រូ និងអ្នកគ្រូ គឺជាតួអង្គមួយយ៉ាងសំខាន់នៅក្នុងការដឹកនាំធ្វើយ៉ាងណាឲ្យគុណភាពអប់រំរបស់សិស្សមានកម្រិត ដូច្នេះហើយយើងឃើញថា ការយកចិត្តទុកដាក់ទី១ ដែលយើងមើលឃើញនោះ គឺនៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ ប្រាក់បៀវត្សរ៍របស់លោកគ្រូ អ្នកគ្រូ មានការកើនឡើងប្រមាណជា ៤ដង ដែលក្នុងនោះនឹងជួយគាំទ្រលោកគ្រូ អ្នកគ្រូ ឱ្យមានជីវភាពប្រសើរជាងមុន»។

លោកស្រី ឃួន វិច្ឆិកា បានបន្ថែមដែរថា ប្រមុខរាជរដ្ឋាភិបាលដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនគ្រាន់តែគិតគូរដល់លោកគ្រូ អ្នកគ្រូតែប៉ុណ្ណោះទេ ថែមទាំងគិតគូរដល់និស្សិតដែលកំពុងសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូនានា តាមរយៈការផ្តល់ជាអាហារូបករណ៍សម្រាប់គ្រូបង្រៀនកម្រិតឧត្តម និងគ្រូបង្រៀនកម្រិតមត្តេយ្យនៅពេលដែលរៀននៅវិទ្យាស្ថានអប់រំនោះ នឹងទទួលបានប្រាក់ឧបត្តម្ភផងដែរ ដែលនេះហើយគឺជាការបង្ហាញការយកចិត្តទុកដាក់មួយយ៉ាងសំខាន់ពីប្រមុខរាជរដ្ឋាភិបាលមកលើជីវភាពរបស់គ្រូបង្រៀនផងដែរ។

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ទៀតថា ទិវាគ្រូបង្រៀននេះក៏ជាទិវាមួយដើម្បីបង្ហាញពីភាពកតញ្ញូរបស់កូនខ្មែរគ្រប់រូប ហើយការសម្ដែងអំពីការយកចិត្តទុកដាក់របស់សិស្សានុសិស្សអំពីការដឹងគុណគ្រូនេះ ក៏ជាគុណតម្លៃមួយជាជាការគាំទ្រផ្នែកផ្លូវចិត្តមួយដល់លោកគ្រូ អ្នកគ្រូដែលបានបង្ហាត់បង្រៀនក្មេងៗតាំងពីមត្តេយ្យសិក្សា រហូតដល់រៀនចប់សកលវិទ្យាល័យ ហើយចេញមកធ្វើការ។

លោកស្រី ឃួន វិច្ឆិកា បានបន្ថែមទៀតថា ក្រៅពីកត្តាប្រាក់បៀវត្សរ៍របស់លោកគ្រូ អ្នកគ្រូ ក្រសួងអប់រំតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់គ្រូបង្រៀន តាមរយៈកម្មវិធីអភិវឌ្ឍន៍សមត្ថភាពជាប្រចាំជូនចំពោះលោកគ្រូ អ្នកគ្រូ ដើម្បីឱ្យពួកគាត់មានសមត្ថភាពអភិវឌ្ឍន៍ចំណេះដឹងផ្នែកបច្ចេកទេសរបស់គាត់ ក៏ដូចជាបំណិនទុកនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៅក្នុងសតវត្សន៍ទី២១នេះ នឹងអាចអនុវត្តការងារមានប្រសិទ្ធភាពជាងមុន ងាយស្រួលជាងមុន និងលឿនជាងមុន ដើម្បីសម្រួលឲ្យកិច្ចការរបស់គាត់អាចអនុវត្តបានដោយជោគជ័យយ៉ាងឆាប់រហ័សជាងមុន។

លោកស្រី បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក៏បានផ្តល់ជាបេឡាជាតិរបបសន្តិសុខសង្គមដល់លោកគ្រូ អ្នកគ្រូ ដែលជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាល នៅក្នុងការថែទាំសុខភាពដល់លោកគ្រូ អ្នកគ្រូ ដែលការថែរក្សាសុខភាពរបស់លោកគ្រូ អ្នកគ្រូ នេះគឺជាអ្វីដែលរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ដើម្បីឲ្យលោកគ្រូ អ្នកគ្រូ អាចមានសុខភាពល្អនៅក្នុងពេលអនាគត់ផងដែរ៕