(កំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកយុទ្ធនាការផ្ដល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ ជាផ្លូវការនៅទូទាំងខេត្ត។

យុទ្ធនាការនេះចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ នេះក៏ជាថ្នាំថ្មីមួយមុខទៀត បន្ថែមពីលើថ្នាំបង្ការជំងឺទាំង១១ មុខនាពេលកន្លងមក ដែលរាជរដ្ឋាភិបាលបានយកមកចាក់ជូនកុមារនូវទូទាំងប្រទេសដោយឥតគិតថ្លៃ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា «ថ្ងៃនេះគឺជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ជូនដល់កុមារីអាយុ៩ឆ្នាំ នៅទូទាំងខេត្ត ដែលសរុបមានចំនួន ៤.៩២០នាក់។ យុទ្ធនាការនេះ ចាប់ផ្ដើមពីថ្ងៃទី០៥ ខែតុលានេះទៅ រហូតចាក់គ្រប់ចំនួនដូចបានកំណត់ខាងលើទើបបិទបញ្ចប់។ ដោយឡែកកុមារីដែលមានអាយុ៩ឆ្នាំ នៅតាមបណ្ដាមូលដ្ឋាន គឺត្រូវទៅទទួលវ៉ាក់សាំងនេះនៅតាមមណ្ឌលសុខភាពនានា ឬនៅតាមសាលារៀនផ្សេងៗ ទៅតាមការកំណត់របស់បុគ្គលិកនៃមន្ទីរសុខាភិបាលដែ លសរុបនៅទូទាំងខេត្តមានចំនួន៤៥មណ្ឌល»

លោកវេជ្ជបណ្ឌិត បានបន្តថា មាតាបិតា និងអាណាព្យាបាលត្រូវតែគាំទ្រ និងអនុញ្ញាតឱ្យកូនស្រីរបស់ខ្លួនដែលមានអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំងបង្កាជំងឺមហារីកមាត់ស្បូននេះឱ្យបានគ្រប់ៗគ្នា និងត្រូវយល់ដឹងពីសារៈប្រយោជន៍ នៃវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះផងដែរ។ ហើយក៏ត្រូវជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងជំងឺមហារីកមាត់ស្បូនជូនកុមារអាយុ៩ឆ្នាំដទៃទៀត ឱ្យបានទូលំទូលាយ និងបានដល់សហគមន៍ ដើម្បីចូលរួមគ្នាទប់ស្កាត់ និងការពារនូវជំងឺដ៏កាចសាហាវមួយនេះ ដើម្បីឱ្យបុត្រធីតា ទទួលបានសុខភាពល្អ និងមានអនាគតភ្លឺស្វាងទៅថ្ងៃអនាគត ពិសេសលោកគ្រូ អ្នកគ្រូក៏ជាចំណែកមួយយ៉ាងសំខាន់ ក្នុងការពន្យល់ ណែនាំដល់សិស្សានុសិស្សឱ្យយល់ដឹងពីការទទួលវ៉ាក់សាំងដ៏មានសារៈសំខាន់នេះ។

ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកបានខិតខំប្រឹងប្រែងគិតគូរពីសុខភាពសាធារណៈ និងបាននាំមកនូវវ៉ាក់សាំងជាច្រើនប្រភេទចាក់ជូនដល់ទារករហូតដល់កុមារអាយុ៩ឆ្នាំ នៅទូទាំងប្រទេសដោយមិនគិតថ្លៃផងដែរ។

លោកក៏បានបញ្ជាក់ថា ចំពោះវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះបើចាក់តាមមន្ទីរពេទ្យឯកជននានាមានតម្លៃប្រមាណចាប់ពី៧០ដុល្លារឡើង ទៅក្នុងមួយម្ជុល។

ជួសមុខឱ្យមាតាបិតា និងអាណាព្យាបាលរបស់កុមារនៅទូទាំងខេត្តកំពង់ឆ្នាំង លោកសូមគោរពថ្លែងអំណរគុណដល់លោកអភិបាលខេត្ត លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិសេសសម្ដេចធិបតី ដែលលោកតែងតែគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋដោយនាំមកនូវថ្នាំបង្ការសុខភាពដ៏សំខាន់នេះ ចាក់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងនេះផងដែរ។

ដោយឡែក លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ជាតំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានលើកឡើងថា នៅក្នុងពិធីបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំ ងបង្ការជំងឺមហារីកមាត់ស្បូន ជូនដល់កុមារអាយុ៩ឆ្នាំ ក្នុងខេត្តកំពង់ឆ្នាំង ជាពិធីមួយដ៏វិសេសវិសាល ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកកម្មវិធីជាតិផ្ដល់ថ្នាំបង្ការជាការវិនិយោគលើវិស័យសុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធភាព ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ឆ្នាំងផងដែរ។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់មាតា បិតា អាណាព្យាបាលកុមារទាំងអស់សូមនាំកូនមកទទួលវ៉ាក់សាំងរបស់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការឱ្យបានគ្រប់ៗគ្នានៅតាមសាលារៀន មណ្ឌលសុខភាព ឬតាមរយៈបុគ្គលិកផ្ដល់ថ្នាំបង្កានៅតាមភូមិទៅតាមផែនការ និងតាមការណាត់របស់បុគ្គលិកសុខាភិបាល។

លោកបានបញ្ជាក់ថា អាណាព្យាបាលទាំងអស់ត្រូវយល់ថាវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនមួយដុសនេះនឹងនាំមកនូវសុភមង្គលដល់បុត្រធីតារបស់លោកអ្នកពេញមួយជីវិត។ យើងចិញ្ចឹមថែទាំបុត្រធីតា តែងតែរមែងចង់ឃើញកូនមានសុខភាពល្អសម្រស់ស្អាត និងមានសុភមង្គល តែបើនៅពេលដែលបុត្រធីតាអ្នកកើតជំងឺមហារីកមាត់ស្បូនហើយនោះ នឹងបាត់បង់គ្រប់យ៉ាងកុំថាឡើយសម្រស់គឺបាត់បង់សុភមង្គលទាំងស្រុង។

ជាមួយគ្នានោះដែរ លោកអភិបាលរងខេត្តក៏បានលើកទឹកចិត្តដល់មន្ត្រីបុគ្គលិកសុខាភិបាលនិងអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ត្រូវរួមគ្នាដើ ម្បីការពារសុខភាពកុមារទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង។

ដោយឡែកមាតាបិតា និងអាណាព្យាបាលរបស់សិស្ស ដែលបាននាំបុត្រធីតារបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងបង្ការរោគមហារីកមាត់ស្បូននាឱកាសនោះ ក៏បានអរគុណចំពោះក្រសួងសុខាភិបាល ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ និងដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដោយបានផ្ដល់នូវថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ៩ឆ្នាំ ដែលជាយុទ្ធសាស្ត្រការពារដ៏ចម្បងមួយ ដើម្បីឆ្ពោះទៅរកការលុបបំបាត់នូវជំងឺមហារីកមាត់ស្បូនឱ្យបានទាំងស្រុងនាពេលអនាគត។

ពួកគាត់ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលលោកកំពុងតែទទួលបាននូវស្នាដៃ និងការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រជាពលរដ្ឋ ក្នុងការដឹកនាំបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៍ដ៏ឆ្នើមរបស់កម្ពុជា៕