(ភ្នំពេញ)៖ ក្នុងរយៈពេលជាង ១ខែ ស្មើនឹង៤៥ថ្ងៃ រាប់គិតចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មកដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា បានសម្រេចនូវសមិទ្ធផលមួយចំនួន។

តាមរយៈកិច្ចសម្ភាសជិត៧នាទី របស់លោកសាស្ដ្រាចារ្យ​ ឈាង រ៉ា បានថ្លែងថា ការងារចំនួន ៤៥ថ្ងៃ បន្ទាប់ពីការចាប់ដំណើរការរាជរដ្ឋាភិបាលអាណត្ដិថ្មី ក្រសួងសុខាភិបាលបានចាប់ផ្ដើមធ្វើការងារជាមួយសហភាតរៈយ៉ាងសកម្ម ដើម្បីលើកស្ទួយសុខភាពប្រជាពលរដ្ឋ តាមអាទិភាពទាំង៣ ក្នុងចំណោមអាទិភាពជាច្រើនទៀត ហើយសមិទ្ធផលក៏មានជាបន្ដបន្ទាប់ផងដែរ។

លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «កន្លងមកលោកបានចុះទៅមើលគ្រប់ការងារនៅតាមបណ្ដាខេត្ដមួយចំនួននៅមណ្ឌលសុខភាព ដើម្បីធានាបានថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល ដែលនៅជិតផ្ទះ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងសមធម៌ ក្នុងរយៈពេល២៤ម៉ោង លើ២៤ម៉ោង។ ជាពិសេសការសង្គ្រោះបន្ទាន់ដ៏ត្រឹមត្រូវ និងទាន់ពេលវេលាជូនពួកគាត់»។
លើសពីនោះក៏មានការពង្រឹងសមត្ថភាពផ្នែកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំមន្ត្រីសុខាភិបាល ចាប់តាំងពីថ្នាក់ជាតិ ដល់ថ្នាក់មណ្ឌលសុខភាពផងដែរ។

សូមជម្រាបថាកិច្ចសម្ភាសរបស់លោករដ្ឋមន្ដ្រី ឈាង រ៉ា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព ប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដើម្បីការពារជំងឺមហារីកមាត់ស្បូន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។

ដើម្បីទទួលបានព័ត៌មានលម្អិត សូមលោកអ្នកទស្សនានូវកិច្ចសម្ភាសរបស់លោករដ្ឋមន្ដ្រី ឈាង រ៉ា ដូចតទៅ៖

 

<div class="c