(ម៉ាឡេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្ដារដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់អាស៊ាន គណៈប្រតិភូ ព្រមទាំងដៃគូអភិវឌ្ឍន៍មួយចំនួន នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញទស្សនាទីតាំងបច្ចេកទេសនានា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលរៀបចំដោយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីបង្ហាញពីកម្មវិធីដែលលើកកម្ពស់ការអភិរក្សបរិស្ថាន តាមរយៈការប្រើប្រាស់បច្ចេកទេស។

នៅក្នុងឱកាសអញ្ជើញទស្សនាទីតាំងបច្ចេកទេសនានា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាព្រឹកនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានចូលរួមក្នុងការដាំដើមឈើ និងព្រលែងត្រី ផងដែរ។

ដោយឡែកនៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារជាមួយលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា នាឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់អាស៊ានលើកទី៤៥។ លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោក ឌិត ទីណា ដែលត្រូវបានតែងតាំងឡើងវិញជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្នុងអាណត្តិថ្មីនេះ ហើយបានពិភាក្សាអំពីការចូលរួមចំណែករបស់កម្ពុជា ដល់គម្រោងរបស់អាស៊ាន ជាពិសេសដើម្បីធានាបាននូវសុវត្ថិភាពស្បៀងនៅក្នុងតំបន់។

នៅរសៀលដដែលនេះលោកបណ្ឌិត កៅ គឹមហួន ក៏បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ដាតុ Seri Mohamad bin Sabu រដ្ឋមន្ត្រីកសិកម្ម និងសន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ លោកអគ្គលេខាធិការអាស៊ាន ក៏បានអបអរសាទរប្រទេសម៉ាឡេស៊ី ដែលបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងរុក្ខាប្រមាញ់លើកទី៤៥ និងកិច្ចប្រជុំពាក់ព័ន្ធដោយជោគជ័យ។ នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការដឹកនាំរបស់ម៉ាឡេស៊ី ក្នុងការរៀបចំចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការ ស្តីពីស្បៀង កសិកម្ម និងរុក្ខាប្រមាញ់ផងដែរ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Ichiro Miyashita រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន និងបានសំដែងនូវអំណរសាទរចំពោះជប៉ុន ក្នុងឱកាសខួប ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ព្រមទាំងវឌ្ឍនភាពក្នុងការអនុវត្តផែនការសហប្រតិបត្តិការ Midori អាស៊ាន-ជប៉ុនផងដែរ៕