(ពោធិ៍សាត់)៖ បេសកកម្មថ្ងៃទី២ នៅក្នុងទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោក ហៀម ឃួន អភិបាលរងខេត្ត និងលោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក្រុមប្រតិបត្តិសាខា អនុសាខាក្រុងពោធិ៍សាត់ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៣៧៥គ្រួសារ មកពី១២ភូមិ ៤សង្កាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយពិធីនេះប្រព្រឹត្តទៅបរិវេនអនុវិទ្យាល័យព្រែកស្តី។
លោកវេជ្ជ. អ៊ុយ សំអាត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានជម្រកមូស ដែលធ្វើកូនចៅបងប្អូនកើតជំងឺគ្រុនឈាម និងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរានិងកុមារដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកវេជ្ជ. បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ពីព្រោះនៅពេលចុះពិនិត្យស្ថានភាពទឹកលិចដោយជំនន់ទឹកភ្លៀង តែងតែឃើញថង់ប្លាស្ទិកគ្រប់ទីកន្លែងដែលផ្តល់ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ជាក់ស្តែងថ្មីៗកន្លងទៅនេះ កាកបាទក្រហមកម្ពុជា ទើបបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅកំពង់ឆ្នាំង។
ក្នុងនោះគ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប។
បន្ទាប់ពីបញ្ចប់កម្មវិធីផ្តល់អំណោយនេះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៤ខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន។
អំណោយទទួលបានរួមាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) ទឹកស៊ីអ៊ីវ និងថវិកា១០ម៉ឺនរៀល។
សូមជម្រាបថាបន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង វាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣, នៅថ្ងៃទី៤-៥ ខែតុលានេះ មន្ដ្រីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះទៅចែកអំណោយមនុស្សធម៌ដល់ទីតាំងគ្រួសាររងគ្រោះដោយផ្ទាល់៕