(ម៉ានីល)៖ ប្រទេសជប៉ុន និងហ្វីលីពីនកំពុងតែធ្វើការពិភាក្សាគ្នា ដើម្បីលក់នាវាល្បាតខ្នាតធំ ចំនួនពីរគ្រឿង ទៅឲ្យទីក្រុងម៉ានីល ដើម្បីការពារដែនសមុទ្រមានជម្លោះ នៅតំបន់សមុទ្រចិនខាងត្បូង ខណៈប្រទេសទាំងពីរនេះកំពុងមើល មុខគ្នាមិនត្រង់ជាមួយចិនដូចគ្នា។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។
នាវាទំនើបចុងក្រោយទាំងពីរគ្រឿង ដែលគ្រោងនឹងបញ្ជូនមកឲ្យប្រទេសហ្វីលីពីននេះ មានប្រវែង ៩០ម៉ែត្រ ដែលមានតម្លៃ ១៨៨,៥២ លានដុល្លារអាមេរិក។ សប្តាហ៍ក្រោយនេះ ភាគីជប៉ុននឹងបញ្ចូលមកឲ្យប្រទេសហ្វីលីពីន បន្ទាប់ពីកិច្ចព្រមព្រៀងបានសម្រេច នៅថ្ងៃសុក្រនេះក្នុងទីក្រុងម៉ានីល។ នេះជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសជប៉ុន Funmio Kishida មកកាន់ទីក្រុង Davao ប្រទេសហ្វីលីពីន ជាលើកដំបូង។
ជុំវិញកិច្ចព្រមព្រៀងនេះ អ្នកនាំពាក្យរងនៃក្រសួងការបរទេសជប៉ុន Masato Ohtaka បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុងម៉ានីលថា «រដ្ឋាភិបាលប្រទេសទាំងពីរកំពុងរៀបចំគំរោង ក្នុងការបញ្ជូននាវាល្បាត ដែលធំជាងនេះបន្ថែម ទៀតមកកាន់ហ្វីលីពីន។ យើងកំពុងតែស្ថិតនៅក្នុងការចរចាគ្នានៅឡើយ ហើយវាត្រូវការពេលវេលា។ នាវាពីរគ្រឿងដំបូង នឹងត្រូវបញ្ជូនមកដល់ហ្វីលីពីនសប្តាហ៍ក្រោយនេះ»៕