(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានពិភាក្សាការងារជាមួយលោក Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ជាមួយនឹងការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់រីប្រសើរ។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ភាគីទាំងពីរបានឯកភាពគ្នាក្នុងការកែសម្រួលឡើងវិញក្រុមអ្នកជំនាញការរួម (Joint Expert Group) តាមការចែងក្នុងអនុស្សរណៈយោគយល់គ្នាសម្រាប់អាណត្តិថ្មីនេះ ដោយមានចំនួនតំណាងចូលរួមស្មើគ្នា (ភាគីហុងគ្រី៦រូប និងភាគីកម្ពុជា៦រូប) ដើម្បីប្រជុំដោះស្រាយបញ្ហានានា និងនៅពេលត្រូវការធ្វើសេចក្តីសម្រេចចិត្តរួមគ្នារវាងភាគីទាំងពីរ។
ភាគីទាំងពីរបានបង្ហាញនូវសុច្ឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២០ ក្រសួងធនធានទឹក និងឧតុនិយមបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការគ្រប់គ្រងធនធានទឹកជាមួយក្រសួងមហាផ្ទៃនៃប្រទេសហុងគ្រី ដែលផ្តោតជាសំខាន់លើវិស័យធនធានទឹកចំនួន៣ គឺ៖ ទី១-ការគ្រប់គ្រងធនធានទឹកចម្រុះ ទី២-ការគ្រប់គ្រងទឹក និងទឹកកខ្វក់ ទី៣-ការអប់រំស្រាវជ្រាវ និងអភិវឌ្ឍន៍ទាក់ទងនឹងទឹក៕