(ព្រះសីហនុ)៖ រដ្ឋបាលឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រគល់ផ្លូវបេតុងចំនួនពីរខ្សែមានប្រវែង ៥៦៦ម៉ែត្រ ជូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រៃនប់១ និងព្រៃនប់២ ក្រោមវត្តមាន លោក អេង ចំរើន នាយករងនាយកទីចាត់ការ ផែនការវិនិយោគ តំណាងលោក ឃាង ភារម្យ នាយកទីចាត់ការផែនការវិនិយោគសាលាខេត្តព្រះសីហនុ គណៈកម្មការលទ្ធកម្មស្រុក ម្ចាស់សហគ្រាស មេឃុំ និងអាជ្ញាធរឃុំ។
លោក កាន់ សុគន្ធ មេឃុំព្រៃនប់ បានឲ្យដឹងថា ក្នុងដំណើរការសាងសង់ផ្លូវបេតុងនានា ក៏ដូចជាផ្លូវបេតុងមួយខ្សែ ៥៦៦ម៉ែត្រ នៅក្នុងភូមិព្រៃនប់១ និងព្រនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងនាមរូបលោកផ្ទាល់ អ្នកជំនាញ ព្រមទាំងក្រុមការងារ ពិតណាស់ គឺបានយកចិត្តទុកដាក់បំផុត លើកិច្ចការនេះដោយបានចុះត្រួតពិនិត្យ សិក្សាជាប្រចាំ ដើម្បីផ្តោតសំខាន់ ទៅលើគុណភាពជាចម្បង តាំងពីការចាប់ផ្តើមបើកគម្រោងសាងសង់ រហូតដល់ពេលបញ្ចប់។
លោកបន្តទៀតថា «ក្នុងនាមរូបលោកផ្ទាល់ជាអ្នកទទួលគម្រោង ទោះបីជាខ្ញុំមិនមែនជាអ្នកជំនាញក្នុងកិច្ចការនេះក្តី តែខ្ញុំបានណែនាំ និងដាក់បញ្ជាមន្ត្រីថ្នាក់ក្រោម ព្រមទាំងក្រុមការងារជំនាញតាមដាន ត្រួតពិនិត្យរហូតមក ហើយក៏មិនដូចអ្វីដែលពាក្យចរចាមរាមថា ការសាងសង់នេះមិនត្រូវតាមស្តង់ដារបច្ចេកទេស កេងប្រវ័ញ្ចខុសពីការពិត មានការឃប់ឃិតជាប្រព័ន្ធអ្វីដូចទៅតាមការចាក់ផ្សាយកន្លងមកនោះទេ»។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិព្រៃនប់១ និងព្រនប់២ មានការសាទរ និងរីករាយយ៉ាងខ្លាំង នៅពេលទទួលបានផ្លូវបេតុងថ្មីពីរខ្សែរនេះ ដែលមានប្រវែង ៥៦៦ម៉ែត្រ ទទឹក៥ម៉ែត្រ ដែលពីមុនជាផ្លូវ ក្រាលដីស ហើយពិតជាពិបាកក្នុងការធ្វើដំណើរ ធ្លាប់ដើរ ធ្លាប់ជិះម៉ូតូកាត់ភក់ជ្រាំពិបាកក្នុងការធ្វើដំណើរ ពេលទៅណាមកណា មានការយឺតយ៉ាវមិនទាន់ចិត្ត ម៉ូតូប្រលាក់ ឡានប្រលាក់ ជាពិសេសរដូវវស្សា ឱ្យតែមេឃភ្លៀងគឺយ៉ាប់ ក្នុងការធ្វើដំណើរណាស់។
ជាចុងក្រោយពលរដ្ឋទាំងអស់ ក៏សូមគោរពថ្លែងអំណរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អាជ្ញាធរស្រុក លោកមេឃុំដែលតែងតែគិតគូរាល់សុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ រហូតឈានដល់ ពេលនេះបានផ្តល់ផ្លូវបេតុងថ្មី តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋយើងតាមសំណូមពរ ជាចុងក្រោយប្រជាពលរដ្ឋសូមគោរពជូនប្រមុខដឹកនាំអោយមានសុខភាពល្អ បន្តដឹកនាំប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿងបន្តជារនិរន្ត៍៕