(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចាត់ លោក មិត្ត ទីមាន នាយករងខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា រៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣ នេះ។
ពិធីនេះបានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ដោយ លោក មិត្ត ទីមាន និងអ្នកចូលរួមជាច្រើន រួមមាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ជាទីប្រឹក្សា ជំនួយការ ក្រុមលេខា ព្រមទាំងសាច់ញាតិជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី ចំពោះ ព្រះរតនត្រ័យ និងបានសមាទានសីល ស្តាប់ព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត និងការសម្ដែងព្រះធម៌ទេសនា។
លោក មិត្ត ទីមាន និងក្រុមការងារបាននាំយកនូវទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃរួមមាន សាដក ៥០ អង្ករ ៥០ការ៉ុងស្មើនឹង ២៥០០ គីឡូក្រាម មី ១០កេសធំ ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស តែ ២០គីឡូក្រាម ស្ករស ២០គីឡូក្រាម ទឹកដោះគោ ៥កេស ប៊ីចេង ៥០គីឡូ ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ ត្រីខកំប៉ុង ១០កេស និងប្រគេនបច្ច័យព្រះសង្ឃ ៨១អង្គ ក្នុងមួយអង្គៗ ទទួលបាននូវបច្ច័យ ២ម៉ឺនរៀល។
លុះដល់ព្រឹកស្អែក ត្រូវថ្ងៃសុក្រ ទី៦ ខែតុលា ដែលជាវេនកាន់បិណ្ឌទី៧ ឯកឧត្តម មិត្ត ទីមាន និងក្រុមការងារ នឹងអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន ជីដូន ជីតា ដែលបានធ្វើមរណកាលទៅហើយ។
ក្នុងឱកាសនោះដែរ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្តវិមានតេជះ បានជូនពរសព្ទសាធុការដល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងក្រុមគ្រួសារញាតិមិត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត។
សូមជម្រាបថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរៀងរាល់ឆ្នាំ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី តែងតែអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន វីរៈជនស្នេហាជាតិ ជីដូន ជីតា ដែលបានធ្វើមរណកាលទៅហើយនិងបានបួងសួងសូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តន៍តទៅ។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំប្រចាំឆ្នាំ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ពិធីបុណ្យភ្ជុំបិណ្ឌនេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕