(កំពង់ស្ពឺ)៖ ជំងឺគ្រុនឈាម នៅតែមានអត្រាឆ្លងខ្ពស់សម្រាប់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
លោកស្រីឱសថការី យឹម សុធារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា អត្រាអ្នកឆ្លងជំងឺគ្រុនឈាម មានការកើនឡើងខ្ពស់បើគិតមកដល់ពេលនេះ ខណៈក្នុងរយៈពេល ៨ខែ ចាប់ពីខែមករាដល់ខែសីហា ត្រឹមសប្តាហ៍ទី៣៥ ឆ្នាំ២០២៣ មានចំនួន៧៤២ករណី (អត្រាអាំងស៊ីសង់៥១.១ ក្នុងចំណោមមនុស្ស ១០០ពាន់នាក់) និងករណីស្លាប់ ៣នាក់ (បសេដ្ឋ ២នាក់ ភ្នំស្រួច ១នាក់ កុមារអាយុក្រោម ៥ឆ្នាំ)។ ក្នុងឆ្នាំ២០២៣ ជំងឺគ្រុនឈាមមានការថយចុះជាងឆ្នាំ២០២២ បន្តិច ប៉ុន្តែមានការឆ្លងរាយប៉ាយនៅតាមស្រុក ក្រុងគឺឧដុង្គ បសេដ្ឋ គងពិសី និងសំរោងទង។
លោកស្រីឱសថការី បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៣នេះ ជំងឺគ្រុនឈាមបានកើតឡើងលើកុមារអាយុក្រោម ១៥ឆ្នាំ ដែលក្នុងនោះ៦៥% កំពុងសិក្សាសាលាបឋមសិក្សា។ ជាមួយនឹងការឆ្លងរាលដាលនៃជំងឺគ្រុមឈាមនេះ មន្ទីរសុខាភិបាលបានបន្តបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្ដីអំពីជំងឺគ្រុនឈាម និងវិធីបង្ការនៅតាមមូលដ្ឋានក្នុងស្រុក ក្រុងនៃខេត្តកំពង់ស្ពឺ ជាពិសេសនៅតំបន់ដែលមានការឆ្លងនូវជំងឺគ្រុនឈាម។
ទន្ទឹមនេះ មន្ទីរតែងតែអនុវត្តន៍គ្រប់បណ្តាស្រុកក្រុង នៃខេត្តកំពង់ស្ពឺ ហើយបានផ្តោតលើចំណុចសំខាន់ៗដូចជា៖ ការផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម វិធីបង្ការ ការពារ បំបាត់ជម្រកមូស, ករណីសង្ស័យត្រូវបញ្ជូនអ្នកជំងឺទៅកាន់មូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុត, ការដាក់ថ្នាំអាល់បេត សម្លាប់ដង្កូវទឹកក្នុងពាងទឹកអាងទឹក និងការបាញ់ថ្នាំសម្លាប់មូសខ្លា នៅសាលារៀន មណ្ឌលសុខភាព លំនៅដ្ឋានប្រជាជន។
លោកស្រីឱសថការី យឹម សុធារ៉ា ក៏បានបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងធ្វើឱ្យពលរដ្ឋមានការយល់ដឹងខ្ពស់ពីវិធីសាស្ត្រនៃការបង្ការចំពោះសុខភាព និងត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបញ្ហាជំងឺ គ្រុនឈាម ដែលកំពុងមានអាត្រាខ្ពស់ ដែលកើតមកលើមនុស្សគ្រប់វ័យ ដោយត្រូវចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន ដើម្បីកំចាត់ជម្រកមូសខ្លា ហើយត្រូវសម្រាន្តក្នុងមុង ស្លៀកពាក់ខោអាវជើងវែងដៃវែងជាប្រចាំផងដែរ៕