(ភ្នំពេញ)៖ ធនាគារ ហត្ថា បានចេញសេចក្តីបំភ្លឺព័ត៌មាន និងច្រានចោលលើការផ្សាយថា «មន្ត្រីធនាគារ ហត្ថា បានបង្ខំឲ្យអតិថិជនម្នាក់ លក់ទ្រព្យសម្បត្តិដើម្បីយកលុយ ទៅសងធនាគារ»។ នេះបើតាមសេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។
សេចក្ដីបំភ្លឺព័ត៌មានបានឲ្យដឹងថា នាពេលថ្មីៗកន្លងមកនេះ ធនាគារហត្ថា បានសង្កេតឃើញថា មានបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានផ្សាយព័ត៌មានប្រាសចាកពីការពិត ក្នុងន័យញុះញង់ ចោទប្រកាន់ និងបង្អូចកេរ្តិ៍ឈ្មោះ ធនាគារ ហត្ថា ដោយបានចុះផ្សាយថា មន្ត្រីធនាគារ ហត្ថា បានបង្ខំឲ្យអតិថិជនម្នាក់ ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងភូមិពោធិ៍អណ្តែត សង្កាត់ព្រែកស្តីក្រុងសំពៅពូន ខេត្តកណ្តាល លក់ទ្រព្យសម្បត្តិដើម្បីយកលុយ ទៅសងធនាគារ។
ករណីនេះ ធនាគារ ហត្ថា សូមធ្វើការបំភ្លឺ និងបញ្ជាក់ថា ពុំមានករណីដូចការចោទប្រកាន់ និងបង្កាច់បង្អួច ខាងលើនោះឡើយ។ កន្លងមកមន្រ្តី ធនាគារ ហត្ថា តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយប្រកបដោយភាពទន់ភ្លន់ មានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានការយោគយល់អធ្យាស្រ័យយ៉ាងច្រើនជាមួយអតិថិជនរបស់ខ្លួន។
ធនាគារ ហត្ថា ប្រកាន់ខ្ជាប់ជានិច្ចវិជ្ជាជីវៈក្នុងការធ្វើអាជីវកម្ម និងជាគ្រឹះស្ថានដែលបម្រើសេវាហិរញ្ញវត្ថុប្រកបដោយភាពកក់ក្ដៅ តម្លាភាព និងសុក្រឹតភាព ដើម្បីការរីកចម្រើនរបស់សាធារណជនទូទៅ។
ធនាគារ ហត្ថ បាននឹងកំពុងអនុវត្តយ៉ាងពេលលេញនូវយន្តការច្បាប់តាមផ្លូវតុលាការ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមានការលក់ទ្រព្យសម្បត្តិសងបំណុល ចំពោះអតិថិជនណាដែលមានលទ្ធភាពសង តពុំមានឆន្ទៈសង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ ជាមួយគ្នានេះ ធនាគារ ហត្ថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន និងសាធារណជនទាំងអស់ដែលតែងតែគាំទ្រ និងបន្តការគាំទ្រសេវាកម្មរបស់ ធនាគារ ហត្ថា កន្លងមក និងតទៅអនាគត៕